បណ្តាញសង្គម

Varane និយាយ​បែប​ណា​ដែរ​ទៅ​កាន់ Real ក្រោយ​ចាកចេញ​មក Man Utd?

ខ្សែការពារបារាំងកីឡាករ Raphel Varane បានផ្ញើសារលាអ្នកគាំទ្រ Real Madrid បន្ទាប់ខ្លួនផ្លាស់ទៅកាន់ក្លឹប Manchester United នៅក្នុងចុងខែកក្កដានេះ។

នៅក្នុងបណ្ដាញសង្គមរបស់ខ្លួន Varane បានសរសេររៀបរាប់ពីបទពិសោធន៍ និងអនុស្សាវរីយ៍ជាមួយក្លឹប Real Madrid។ ជាមួយគ្នានោះដែរ អ្វីដែលកីឡាកររូបនេះបំភ្លេចមិនបាននោះគឺ ព្រឹត្តិការណ៍ La Decima ដែលជាព្រឹត្តិការណ៍ក្លឹប Real Madrid ឈ្នះពានក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League លើកទី១០ ដោយនៅពេលនោះជាការឈ្នះពាន Champions League ជាលើកដំបូង ក្រោយខកខានអស់ច្រើនជាង ១០ឆ្នាំ។

ក្រៅពីនេះ Varane ក៏បានអរគុណអ្នកគាំទ្រ Real Madrid និងប្រជាជនអេស្ប៉ាញ ដែលបានស្វាគមន៍វត្តមានរបស់ខ្លួន នៅពេលដែលខ្លួនស្នាក់នៅអេស្ប៉ាញផងដែរ។

សូមជម្រាបផងដែរថា កីឡាករបារាំងវ័យ ២៨ឆ្នាំរូបនេះបានជ្រកកោនជាមួយ Real Madrid អស់រយៈពេលជាង ១០ឆ្នាំ ដោយខ្លួនមកលេងនៅ Real តាំងពីឆ្នាំ២០១១មក។ កីឡាកររូបនេះលេងសរុប ៣៦០ប្រកួត និងរកបាន ១៧គ្រាប់នៅក្លឹបរាជធានីម៉ាឌ្រីដមួយនេះ៕