បណ្តាញសង្គម

Arteta ព្រួយបារម្ភ​នឹង​កីឡាករ​ថ្លៃ​៦០លាន​ដុល្លារ​នេះ​ ក្រោយ​មាន​របួស​ក្នុង​ប្រកួត​មិត្តភាព​ជា​មួយ​ Chelsea

លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal មានការព្រួយបារម្ភជាខ្លាំងនឹងអាការៈរបស់ខ្សែបម្រើ Thomas Partey ដែលកំពុងទទួលរងរបួសកជើងមុនប្រកួតរដូវកាលថ្មីចាប់ផ្ដើមបាត់ទៅហើយ ក្រោយបានចូលរួមប្រកួតមិត្តភាពរវាងក្លឹប Chelsea ក្នុងលទ្ធផលចាញ់ ២-១ កាលពីម្សិលមិញ។

Partey បានរងរបួសមួយនេះបន្ទាប់ពីគេបានទៅប៉ះគ្នាជាមួយខ្សែបម្រើ Ruben Loftus-Cheek ដែលជាកីឡាកររបស់ Chelsea នៅពាក់កណ្ដាលតង់ទីមួយនៃការប្រកួត។

ទាក់ទិននឹងរបួសខាងលើនេះ Arteta បាននិយាយថា៖" ខ្ញុំទើបតែនិយាយជាមួយពេទ្យមិញៗនេះ។ Partey នឹងបានពិនិត្យលើរបួសរបស់គេហ្នឹងនៅថ្ងៃស្អែកនេះហើយ។ នៅខណៈនោះគេមើលទៅដូចជាមិនស្រួលសោះព្រោះ គេមានការឈឺចាប់នៅត្រង់មុខរបួសហ្នឹងតែម្ដង ដល់ថ្នាក់គេលេងបន្តអត់បាន "។

គួរបញ្ជាក់ផងដែរ Arsenal នឹងចាប់ផ្ដើមប្រកួតរដូវកាលថ្មីជាមួយក្លឹប Brentford ក្នុងក្របខ័ណ្ឌ Permier League នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ខាងមុខ៕