បណ្តាញសង្គម

មុន​ចេញពីបឹងកេត ទេស សម្បត្តិ ​ថាពិបាកប្រឈមនឹងរឿង១នេះខ្លាំងបំផុត

ការចាកចេញរបស់ ទេស សម្បត្តិ ពីក្លឹបបឹងកេត បានធ្វើឱ្យបណ្ដាញសារព័ត៌មានក្នុងស្រុកចាប់អារម្មណ៍ចុះផ្សាយកាលពីម្សិលមិញ ដ្បិតគេជាខ្សែការពារកំពុងពេញកម្លាំងដ៏ល្អ និងធ្លាប់ជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជា រហូតដល់ទៅ២រដូវកាល។

ក្រោយចេញពីម្ចាស់ជើងឯកលីគ៤សម័យកាល ទេស សម្បត្តិ បានលើកឡើងថារឿងមួយដែលគេពិបាកប្រឈមបំផុតនោះគឺ អ្នកចាត់ការទូទៅក្រុមបឹងកេតលោក បែ មករា។ ពិបាកប្រឈម ព្រោះគេពិបាកក្នុងកាេសុំចាកចេញ។

កីឡាករឆ្នើមបានសង្កត់ធ្ងន់ថា ៖«(ខ្ញុំ)ពិបាកក្នុងការហាមាត់និយាយ គាត់តែងតែប្រាប់រឿងយើងល្អៗ គាត់អត់ចង់ឱ្យខ្ញុំចេញទេ ខ្ញុំជាមួយគាត់ស្និទ្ធគ្នាណាស់ គាត់ដូចជាបងបង្កើតខ្ញុំដែរ ហើយខ្ញុំក៏អរគុណគាត់ ដែលតែងតែផ្ដល់ដំបូន្មានល្អៗដល់ខ្ញុំរយៈពេល៣ឆ្នាំនេះ»។

ទោះបីជាយ៉ាងណា ដើម្បីផ្ដល់ឱកាសថ្មី និងគោរពតាមការសម្រេចចិត្តរបស់ ទេស សម្បត្តិ ក្លឹបបឹងកេតបានយល់ព្រមផ្ទេររូបគេទៅកាន់ក្លឹបបាល់ទាត់វិសាខា។ អតីតកីឡាករសាលាបាល់ទាត់ជាតិបាទី ក៏បានសន្យាប្រឹងឱ្យអស់កម្លាំងកាយចិត្ត ជួយវិសាខាលើកពានតាមដែរអាចធ្វើបាន។

គួរបញ្ជាក់ថា ខ្សែការពារវ័យក្មេងទេសសម្បត្តិ ធ្លាប់ជួយឱ្យបឹងកេតលើកពានរង្វាន់លីគកំពូលកម្ពុជាពីររដូវកាលគឺឆ្នាំ ២០១៩ និង ២០២០៕