បណ្តាញសង្គម

តារាចម្រៀង​ស្រី​ស្អាត សួ​ស វី​ហ្សា បង្ហើប​រឿង​មួយ ក្រោយ​ខន​ខាន​បង្ហើរ​សំនៀង​ជា​ច្រើន​ខែ

តារាចម្រៀងនាង សួស វីហ្សា បានបង្ហើបពីការវិលរកឆាកតន្ត្រី ដើម្បីបង្ហើរសំនៀងជូនប្រិយមិត្តគាំទ្រជាថ្មីឡើងវិញ ក្រោយខកខានអស់រយៈពេលជាច្រើនខែមកនេះ។ តារាចម្រៀងក្នុងផលិតកម្មហង្សមាសរូបនេះ បានបញ្ជាក់តាមរយៈវីដេអូដែលនាង live លក់ផលិតផលតាមបណ្តាញសង្គមកាលពីមិញថា នាងនឹងចូលច្រៀងវិញ បន្ទាប់ពីការផ្អាកមួយរយៈមកនេះ។

យ៉ាងណា សួស វីហ្សា មិនបានបញ្ជាក់អោយបានច្បាស់នៅឡើយទេថា រូបនាងនឹងឡើងឆាកតន្ត្រីជាថ្មីឡើងវិញនៅពេលណានោះឡើយ ប៉ុន្តែបានសម្រេចចូលច្រៀងជាថ្មីឡើងវិញឆ្លើយតបការចង់បានរបស់ប្រិយមិត្តគាំទ្ររបស់នាង។ សួស វីហ្សា បានសម្រេចផ្អាកអាជីពសិល្បៈចម្រៀងរបស់ខ្លួនមួយរយៈ បន្ទាប់ពីនាងបានពើបប្រទះនូវការឆ្លងជំងឺកូវីដ១៩។ យ៉ាង ណា បើទោះបីជាបានជាសះស្បើយពីជំងឺនេះអស់ជាច្រើនខែមកហើយក្តី ប៉ុន្តែនាងនៅមិនទាន់បង្ហាញមុខតាមឆាកតន្ត្រីវិញឡើយ ខុសពីតារាចម្រៀងរួមទ្រនំដែលជួបបញ្ហាដូចគ្នានេះ បានវិលមកឆាកតន្ត្រីវិញអស់ហើយ។ ជាការកត់សម្គាល់ បន្ទាប់ពីផ្អាកការងារសិល្បៈមួយរយៈកន្លងមកនេះ សួស វីហ្សា ត្រូវបានគេមើលឃើញថា នាងបានងាកមកចាប់អាជីពជំនួញផ្ទាល់ខ្លួនជាមួយស្វាមី ជាមួយនឹងការបោះទុនរាប់សិបម៉ឺនដុល្លារអាមេរិក។ គួរបញ្ជាក់ថា កន្លងមក តារាចម្រៀងល្បីឈ្មោះ អ្នកនាង សួស វីហ្សា ប្រកាសក្តែងៗថា ខ្លួនរអាខ្លាចរឿងទទួលការងារសិល្បៈឡើងវិញ បន្ទាប់ពីមានបទពិសោធន៍វិជ្ជមានកូវីដ១៩។ អ្នកនាង សួស វីហ្សា ថ្មីៗនេះ បានចេញមកប្រកាសចំៗថា ខ្លួននៅមិនទាន់ក្លាហានហ៊ានទទួលការងារសិល្បៈវិញនោះទេ ព្រោះធ្លាប់ឆ្លងជំងឺកូវីដ១៩ កាលពេលកន្លងទៅ។

គួរបញ្ជាក់បន្តថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានរៀបរាប់លើគណីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្ញុំទើបតែជួបអារម្មណ៍បែកបាក់ បាត់បង់ ព្រាត់ប្រាស់ ភ័យខ្លាច តក់ស្លុតមិនទាន់បាត់នៅឡើយទេ ដោយសារជំងឺ (COVID-19) ហេតុនេះទើបខ្ញុំគ្មានភាពក្លាហានក្នុងការទទួលការងារនៅឡើយទេ»។ ក្នុងសំណេរខាងលើ តារាចម្រៀងស្រីរូបនេះ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់នាងដែលតែងយោគយល់ និងយល់ព្រមអនុញ្ញាតិឲ្យនាងសំរាកពីការងារក្នុងរយៈពេលវែង។ កន្លងមក អ្នកនាង សួស វីហ្សា ធ្លាប់ឃ្លាតឆ្ងាយពីគ្រួសារ ជាពិសេសកូនតូចជាទីស្រលាញ់របស់នាងដោយសារជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យតារាស្រីរូបនេះ រអាមិនងហ៊ានទទួលការងារ។ អំឡុងពេលសម្រាកព្យាបាល តារាចម្រៀងស្រីរូបនេះ ធ្លាប់បង្ហើរសារបង្ហាញពីអារម្មណ៍អាឡោះអាល័យពេលបានឃ្លាតឆ្ងាយពីកូនសំណព្វចិត្ត និងស្វាមី។

គួរបញ្ជាក់ទៀតថា តារាចម្រៀង សួស វីហ្សា បានធ្វើតេស្តជំងឺកូវីដ១៩ ចំនួន៣ដង ទម្រាំរកឃើញវិជ្ជមានកូវីដ១៩។ ការធ្វើតេស្តលើកទី១ នៅថ្ងៃទី៩ ខែមីនា លើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលសុទ្ធតែអវិជ្ជមាន។ ការតេស្តលើកទី៣ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បង្ហាញថា នាងមានវិជ្ជមានជំងឺកូវីដ១៩ និងបានសម្រាកព្យាបាលនៅឯសណ្ឋាគារ «ដឺ ហ្គ្រេដឌុក» ។ ក្រោយសម្រាកព្យាបាលរយៈពេល១៧ថ្ងៃ សួស វីហ្សា ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺដ៏កាចសា.ហាវនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១កន្លងទៅ៕

ដកស្រង់ពី៖កោះសន្តិភាព