បណ្តាញសង្គម

Man Utd នៅ​តែ​មិន​ទាន់​មាន​ផែនការ​ដក​​ Ole ​ទេ​ ទោះ​ចាញ់​ Man City ២-០

ក្លឹប Manchester United នៅតែមិនទាន់មានផែនការដកលោក Ole Gunnar Solskjaer ពីអ្នកចាត់ការក្លឹបនៅឡើយទេ ទោះចាញ់ក្លឹប Manchester City ក្នុងលទ្ធផល ២-០ ក្របខ័ណ្ឌ Premier Leaegue កាលពីថ្ងៃសៅរ៍ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងនេះ។

នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ថ្ងៃនេះ។តាមពិតទៅតំណែងរបស់លោក Solskjaer ចាប់ផ្ដើមរង្គោះរង្គើខ្លាំង និងមានព័ត៌មានជាច្រើនថាលោកនឹងអាចបញ្ចប់តួនាទី ក្រោយចាញ់ Liverpool បាក់មុខ ៥-០ កាលពីលើកមុនម្ល៉េះ។

ប៉ុន្តែខាងក្លឹបនៅផ្ដល់ឱកាសឲ្យលោក ដែលជាលទ្ធផល Man Utd ឈ្នះ Spurs ៣-០ និងស្មើនឹង Atalanta ២-២ ។ ដូច្នេះទោះជាចាញ់ Man City អាទិត្យមុននេះ ខាងក្លឹបនឹងផ្ដល់ឱកាសឲ្យលោក Ole នៅដឹកនាំដដែល។

សារព័ត៌មាន Sky Sports ក៏បានសួរនាំលោក Ole ផងដែរថា តើមានភាពភ័យព្រួយនឹងតំណែងរបស់លោកនៅ Man Utd អត់ក្រោយចាញ់ Man City បែបនេះ? លោកក៏បានតបថា លោកមិនទាន់មានអារម្មណ៍បែបហ្នឹងនៅឡើយទេ ដោយលោកនៅមានទំនាក់ទំនងល្អជាមួយក្លឹបនៅឡើយ ហើយជឿជាក់ថានឹងនាំយកលទ្ធផលល្អៗមកវិញ ក្នុងប្រកួតក្រោយៗ។

នៅខណៈនេះ Man Utd ឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងប្រកួត PL ដែលមាន ១៧ពិន្ទុ ខណៈអ្នកនាំមុខគេគឹ Chelsea មាន ២៦ពិន្ទុ៕