បណ្តាញសង្គម

សហព័ន្ធ​កង់៖​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​សៀមរាប​លើក​នេះជា​ការ​វាស់​ស្ទង់​សម្រាប់​ធ្វើ​នៅ​ស៊ីហ្គេម​ ២០២៣​

អគ្គលេខាធិការសហព័ន្ធទោចក្រយាន ថាការប្រកួតជើងឯកថ្នាក់ជាតិខែធ្នូនេះគឺជាការវាស់ស្ទង់មួយដើម្បីកំណត់ថាអាចរៀបចំសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក នូ ចំរើន បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ២០២១ ខាងមុខនេះជាការប្រកួតជើងឯកថ្នាក់ជាតិដែលគ្រោងនឹងប្រព្រឹត្តិទៅនៅឯខេត្តសៀមរាប។ ការប្រកួតនេះត្រូវបានកំណត់ជា២គោលដៅសម្រាប់ប្រភេទកង់គួក និងកង់ភ្នំ។

អគ្គលេខាធិការខាងលើនេះបន្ថែមទៀតថា ការប្រកួតទាំង២គោលដៅរួមមានកង់គួក កង់ភ្នំ នេះគឺសហព័ន្ធធ្វើការវាស់ស្ទង់ផងដែរដើម្បីកំណត់ថាអាចរៀបចំយកខេត្តមួយនេះនៅស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឬយ៉ាងណា។

យ៉ាងណាលោក នូ ចំរើន បានបញ្ជាក់ថាក្នុងខេត្តសៀមរាបនេះគឺជាអត្តិភាពទី១ ក្នុងចំណោមខេត្តសក្ដានុពលផ្សេងៗ ព្រោះមានផ្លូវល្អស្អាត ហេដ្ឋារចនាសម្ព័ន្ធអំណោយផលដល់ការរៀបចំតែម្ដង។

រំលឹកដែរថា សហព័ន្ធកីឡាទោចក្រយានគ្រោងនឹងធ្វើការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួននៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះនៅខេត្តសៀមរាប។ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលមានជាច្រើនប្រភេទកីឡាក្នុងបណ្ដាប្រទេសអាស៊ានចូលរួមប្រកួតប្រជែងមេដាយ៕