បណ្តាញសង្គម

ពិធី​សម្ពោធ​ពហុ​កីឡដ្ឋាន​មរតកតេជោ​ ផ្ដោត​អត្ថន័យ​ធំៗ​៣​

អគ្គលេខាធិការ CAMSOC ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោខាងមុខនេះផ្តោតលើអត្ថន័យសំខាន់ ៣ គឺទី១ ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ទី២ ការរាប់ថយក្រោយ ៥០០ថ្ងៃឆ្ពោះទៅស៊ីហ្គេម និងទី៣ បើកយុទ្ធនាការផ្សព្វផ្សាយស៊ីហ្គេម ប៉ារ៉ាហ្គេម ទូទាំងប្រទេស។

កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ត្រៃយ៍ CAMSOC ព្រឹកមិញនេះគឺលើកឡើងពីគម្រោងផែនការក៏ដូចជាការត្រៀមខ្លួនរៀបចំសម្ពោធពហុកីឡដ្ឋានមរតកតេជោនាចុងខែធ្នូ ២០២១នេះ។

ពិធីសម្ពោធនេះគឺមានសារសំខាន់ និងអត្ថន័យធំធេងណាស់ ដូច្នេះគ្រប់ផ្នែកទទួលខុសត្រូវលើកិច្ចការរៀងខ្លួនមានការពិនិត្យ និងធ្វើឡើងដោយម៉ត់ចត់បំផុត។ចំពោះអត្ថន័យធំៗ៣ នៃពិធីសម្ពោធនៅថ្ងៃនោះ ទី១ ការដាក់ឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅលើកម្មវិធីប្រកួតផ្សេងៗ ទី២ ការរាប់ថយក្រោយ ៥០០ថ្ងៃបញ្ជាក់ការខិតជិតមកដល់ស៊ីហ្គេម ២០២៣ និងទី៣ ការបើកយុទ្ធនាការជាតិទូទាំងប្រទេសក្នុងការផ្សព្វផ្សាយពីព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣។

រំលឹកដែរថា ពហុកីឡដ្ឋានមរតកតេជោដែលសាងសង់រួចរាល់សម្រាប់ស៊ីហ្គេម ២០២៣ ឬជាពហុកីឡដ្ឋានដ៏អស្ចារ្យចំណាយអស់ថវិកាជាច្រើននោះនៅមិនទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឡើយទេ។ ពិធីសម្ពោធនេះគ្រោងធ្វើឡើងនៅចុងខែធ្នូ ២០២១ ដោយមានការចូលរួមពីប្រមុខរាជរដ្ឋាភិបាលទៀតផង៕