បណ្តាញសង្គម

សុរ៉ាឃីម៖​ ប្រកួត​ប៊ូល​ពិភពលោក​នៅ​ អេស្ប៉ាញ​ ព្រឹក​ឡើង​ត្រជាក់​ខ្លាំង​នៅ​ត្រឹម...​

កីឡាការិនីប៉េតង់វ័យក្មេង ស្រ៊ាង សុរ៉ាឃីម ថាការប្រកួតពិភពលោកនៅប្រទេសអេស្ប៉ាញ ជួបការលំបាកជាច្រើនទាំងអាកាសធាតុត្រជាក់ដល់១០អង្សា ការធ្វើដំណើរ និងទីលានប្រកួតជាដើម។

សុរ៉ាឃីម បានឲ្យដឹងថា ការប្រកួតប៉េតង់ពិភពលោកនៅប្រទេសអេស្ប៉ាញ កន្លងទៅនេះគឺមានការលំបាកច្រើនមែន ដូចជាការធ្វើដំណើរឆ្ងាយទម្រាំដល់ អាកាសធាតុត្រជាក់ខ្លាំងរហូតដល់១០-១២អង្សា ស្របពេលទីលានមានគ្រោះច្រើន ទីលានលិចទឹកមានកន្លែងខ្លះសើម ខ្លះស្រួតជាហេតុពិបាកក្នុងការលេង។

កីឡាការិនីរបស់កម្ពុជារូបនេះបន្តថា ការហ្វឹកហាត់មិនបានដិតដល់អំឡុងកូវីដ ខណៈផ្អាកការប្រកួតនានាជាង១ឆ្នាំទៀតនោះធ្វើឲ្យក្រុមធ្វើមិនបានល្អសម្រាប់ការប្រកួតវិញ្ញាសា ៣ទល់៣ នៅប្រទេសអេស្ប៉ាញលើកនេះតែម្ដង។

រំលឹកដែរថា ក្រុមជម្រើសជាតិផ្នែកនារីវិញ្ញាសា ៣ទល់៣ ដែលចូលរួមប្រកួតជើងឯកពិភពលោកនៅប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១២-១៤ ខែវិច្ឆិកា ២០២១ ធ្លាក់ត្រឹមវគ្គ ១/៨ ដោយចាញ់ប្រទេស Tunisie។

ប៉ុន្តែវិញ្ញាសាវ៉ៃយកពិន្ទុ (Shooting) កម្ពុជាឈ្នះមេដាយមាស១គ្រឿង ក្រោយផ្ដួលជើងខ្លាំងថៃ។ ចំណែកផ្នែកបុរសវិញមិនទទួលបានមេដាយអ្វីនោះទេ៕