បណ្តាញសង្គម

ម្ចាស់ផ្ទះ​ស្រី​សង្ស័យ​ក៏​ហៅ​ជាងសំណង់​២​នាក់​បងប្អូន​មក​សួរ ស្រាប់តែ​បែកធ្លាយ​ការ​ពិត

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជាងសំណង់២នាក់បងប្អូនបាននាំគ្នាលួចខ្សែភ្លើង និងដែកយកទៅលក់ ហើយក៏ត្រូវបានម្ចាស់ផ្ទះតាមដានទាន់ឃាត់ខ្លួន រួចប្រគល់ទៅឱ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ៣ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ម៉ី យុំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង និងជនសង្ស័យម្នាក់ទៀតជាបងមានឈ្មោះ ម៉ី យន់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ។ តាមប្រភពព័ត៌មានបញ្ជាក់ពីម្ចាស់ផ្ទះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់បានជួលជាងសំណង់ខាងលើ អោយមកម៉ៅការជួសជុលជណ្ដើរផ្ទះរបស់គាត់ដើម្បីធ្វើថ្មី ខណៈពេលដែលគាត់មិននៅផ្ទះ ជាងសំណង់ទាំង២នាក់បងប្អូននោះឃើញឱកាសល្អក៏នាំគ្នាលួចយកខ្សែភ្លើង និងដែកយកទៅលក់។

ប្រភពដដែលបន្តថា លុះក្រោយមក គាត់ក៏មានការសង្ស័យ ដោយសារតែឃើញសំបកខ្សែភ្លើងដែលពួកគេហែកយកស្ពាន់ខាងក្នុងទៅលក់អស់ នៅសល់តែជ័រខាងក្រៅ គាត់ក៏បានហៅមកសួរនាំ ហើយជនសង្ស័យទាំងពីរនាក់បងប្អូនក៏បានសារភាពថា ពួកគេពិតជាបានលួចអីវ៉ាន់របស់គាត់មែន បន្ទាប់មកគាត់បានទាក់ទងប្ដឹងទៅសមត្ថកិច្ចភ្លាមៗអោយយកជនសង្ស័យទាំង២នាក់នោះទៅសួរនាំនៅប៉ុស្តិ៍ចោមចៅ៣តែម្តង។

គួរបញ្ជាក់ថា អីវ៉ាន់ដែលជនសង្ស័យទាំង២នាក់បងប្អូនរួមគំនិតគ្នាលួចយកទៅលក់នោះ រួមមានខ្សែភ្លើងជាច្រើនម៉ែត្រ និងដែកជាច្រើនដើមផងដែរ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការសួរនាំទៅលើជនសង្ស័យទាំង២នាក់បងប្អូន បានសារភាពថា «ខ្លួនពិតជាបានលួចពិតប្រាកដមែន» លុះក្រោយមកសមត្ថកិច្ចក៏បានទាក់ទងហៅម្ចាស់ផ្ទះអោយមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍តែម្តង។ ក្រោយពេលកើតហេតុ ដោយសារខាងម្ចាស់ផ្ទះគាត់ជាប់រវល់ ព្រោះតែក្រុមគ្រួសាររបស់គាត់ហូបក្ដាមសមុទ្រហើយក៏ពុល ដូច្នេះមានតែរង់ចាំថ្ងៃស្អែក ទើបទៅដាក់ពាក្យបណ្ដឹងតាមក្រោយ ចំណែកជនសង្ស័យទាំង២នាក់បងប្អូនវិញ ត្រូវបានសមត្ថកិច្ចឃាត់ទុកបណ្ដោះអាសន្នមួយយប់សិន ៕

ដកស្រង់ពី៖ កោះសន្តិភាព