បណ្តាញសង្គម

ថ្ងៃ​នេះ​កូន​នាគ​ស្លាប​ហង្ស ធី ម៉េងហួង ចេញ​ពីរូងប្រយុទ្ធ​ជាមួយ​ត្រីឡាបយ៉ាសម្ដែងឫទ្ធិ

ដោយសារតែមានភារកិច្ចហ្វឹកហាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ កូននាគស្លាបហង្ស «ធី ម៉េងហួង» បានអាក់ខានបង្ហាញមុខនៅតាមតារាងបាល់ទះនានានៅកម្ពុជា។

យ៉ាងណាថ្ងៃនេះម៉េងហួងនឹងចេញប្រយុទ្ធ៤ស្មើជាមួយកីឡាកររហស្សនាមត្រីឡាបយ៉ាសម្ដែងឫទ្ធិ «ជឿនកំពង់ស្ពឺ» នៅតារាងបាល់ទះដាវញីឈ្មោលស្រុកអង្គស្នួលខេត្តកណ្ដាល វេលាម៉ោង១២ថ្ងៃត្រង់។

ក្រុមរបស់យុវជន ធី ម៉េងហួង មានអ្នកប៉ះសេដៃទី១ ប៊ន ណារិទ្ធ, កីឡាករជំនាញការពារ ឡេក លាងហុង និងយុវជនឆ្វេងកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ខុម ហុងទ្រី។ ដោយឡែកក្រុមរបស់ត្រីឡាបយ៉ាសម្ដែងឫទ្ធិជឿនកំពង់ស្ពឺវិញមានកីឡាករជំនាញវាយសេវាស្មាត់យូ, ស្មាត់ដេញបាល់លឿនផានិត និងលោកតុលាកាងសេវា។

ជំនួបរវាងក្រុមកូននាគស្លាបហង្ស និងក្រុមដាវញីឈ្មោលនេះដែរ ត្រូវបានមហាជនជឿជាក់ថានឹងធ្វើឱ្យកក្រើកតារាងបាល់ទះដាវញីឈ្មោល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងក្រសោបបានអ្នកទស្សនាច្រើន តាមរយៈការផ្សាយផ្ទាល់លើអេក្រង់ទូរសព្ទ។