បណ្តាញសង្គម

សហព័ន្ធ​តេក្វាន់ដូ​ ITF៖​ ការ​លើក​ឡើង​ពី​ ITF​ របស់​សម្ដេច​តេជោ​ ជា​ការ​ជំរុញ​កម្លាំង​ចិត្ត​រឹតតែ​មោះមុត​ដល់​កីឡាករ​

អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF ថាការតែងតែលើកឡើងពីឈ្មោះ ITF របស់សម្ដេចតេជោ និងថ្នាក់ដឹកនាំកីឡាផ្សេងៗគឺជាការជំរុញទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនី រឹតតែមានកម្លាំងចិត្តក្នុងការហាត់ត្រៀមយកមេដាយជូនជាតិមាតុភូមិ។

ឯកឧត្ដម បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ក្នុងនាមជាតំណាង ITF គឺមានសេចក្ដីត្រេកអរជាខ្លាំងនៅពេលដែលប្រមុខថ្នាក់ដឹកនាំសម្ដេចតេជោ តែងតែលើកពីការខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនី ជាពិសេសសរសើរពីសមត្ថភាពនាពេលកន្លងមក។

គ្រូតេក្វាន់ដូជើងចាស់រូបនេះបន្ថែមទៀតថា សូមអរគុណចំពោះការសម្ដេចដែលតែងតែយកចិត្តទុកដាក់លើកស្ទូយវិស័យកីឡាមិនថា ITF ឬប្រភេទកីឡាផ្សេងៗនោះទេ។

ឯកឧត្ដមសម្ដែងនូវការដឹងគុណចំពោះការគាំទ្រពីប្រុមខរាជរដ្ឋាភិបាល និង CAMSOC NOCC ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់បញ្ចូលក្នុងការប្រកួតស៊ីហ្គេម ២០២៣ ខាងមុខ។

ការសរសើរ និងលើកឡើងរបស់សម្ដេចគឺបានធ្វើឲ្យក្រុមតេក្វាន់ដូ ITF រឹតតែមានកម្លាំងចិត្ត រឹតតែមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ដើម្បីសម្រេចតាមផែនការដណ្ដើមមេដាយមាស ១៥គ្រឿងនៅស៊ីហ្គេម ២០២៣ ដែលបានដាក់ជូនមក។

រំលឹកដែរថា សហព័ន្ធតេក្វាន់ដូ ITF ជាសហព័ន្ធកីឡាជាតិមួយដែលចាត់ចូលជាកីឡាមានសក្ដានុពលសម្រាប់កម្ពុជាជាពិសេសនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

សហព័ន្ធនេះគឺតែងតែដណ្ដើមមេដាយជាច្រើនលើឆាកអន្តរជាតិដូចជាកម្រិតអាស៊ី កម្រិតពិភពលោក។ ចំពោះចំណាត់ថ្នាក់ពិភពលោក ឆ្នាំ២០១៩ គឺកម្ពុជាឈរលេខ១១ ចំណោម ៨៧ប្រទេស។ ចំណែកការប្រកួតជើងឯកអាស៊ី ឆ្នាំ២០១៨ នៅម៉ុងហ្គោលី កម្ពុជាឈរលេខ២ បន្ទាប់ពីម្ចាស់ក្បាច់គុនកូរ៉េខាងជើង៕