បណ្តាញសង្គម

Berbatov ប្រាប់ Rashford ​កុំ​ឲ្យ​អៀន​អី​ត្រូវ​សួរ ​Shearer ឬ Ronaldo ​​ពី​របៀប​រក​គ្រាប់​បាល់

Dimitar Berbatov បានប្រាប់ទៅកាន់ Marcus Rashford ថាគួរតែកុំខ្មាសអៀនអីក្នុងការសួរទៅកាន់ Alan Shearer ឬក៏ Cristiano Ronaldo ដើម្បីឲ្យជួយខ្លួន ពីរបៀបក្នុងការរកគ្រាប់បាល់ បន្ទាប់ពីឃើញខ្សែប្រយុទ្ធរបស់អង់គ្លេសទើបតែរកបាន២គ្រាប់ តែបង្ហាញខ្លួន១១លើកទៅហើយឲ្យបិសាចក្រហម Manchester United នៅ English Premier League រដូវកាលនេះ។

«Alan Shearer គឺជាម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសជាច្រើន ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បាន ហើយក៏ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះគេប្រហែលជាអាចជួយផ្ដល់នូវអ្វីដែលជាដំបូន្មានដល់ Rashford បានខ្លះនៅក្នុងស្ថានភាពបែបនេះ» នេះជាការលើកឡើងរបស់អតីតខ្សែប្រយុទ្ធបិសាចក្រហម Dimitar Berbatov ។

ខ្សែប្រយុទ្ធដដែលបន្ថែមថា ពេលដែលគេនៅជាកីឡាករក៏ធ្លាប់ទទួលបានការរិះគន់ដូចគ្នា គ្រាន់តែពេលខ្លះវាបានប៉ះពាល់ដល់អារម្មណ៍ តែពេលខ្លះក៏មិនអីដែរ។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកចាត់ការក្រុមការងារ និងមិត្តរួមក្រុមគួរតែប្រាប់ទៅកាន់ Rashford ពីកំហុសដែលគេតែងតែរត់ខុសទម្រង់ ព្រោះវាជាការដាស់តឿនបន្តិចបន្តួច។

ពួកគេមានកីឡាករដ៏ឆ្លាតវៃក្នុងការរកគ្រាប់ដូចជា Ronaldo នៅក្នុងក្លឹប ដូច្នេះគេគួរតែនិយាយគ្នាជាមួយ Ronaldo ដើម្បីទទួលបានដំបូន្មានទាំងនោះ៕