បណ្តាញសង្គម

យុវជន​ក្លឹប​កំពង់សំណាញ់៖​ ​ហេតុ​ផល​ចាញ់​គឺ​យើង​អន់​ខ្លួន​ឯង​ ប៊ូល​វ៉ៃ​បាន ​តែ​ចូល​អត់​បាន​

យុវជននៃក្លឹបប៊ូលកំពង់សំណាញ់ ថាការចាញ់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខេត្តកណ្ដាលម្សិលមិញនេះគឺចាញ់ដៃគូត្រង់អន់ឯងខ្លួនឯង ប៊ូលវ៉ៃគឺធ្វើបានល្អ ប៉ុន្តែប៊ូលចូលបែរជាធ្វើមិនបានល្អទៅវិញ។

ហៀប ប៉ាឃាំង បានឲ្យដឹងថា ក្រុមរបស់ខ្លួនម្សិលមិញចាញ់វគ្គផ្ដាច់ព្រ័ត្រនេះគឺកីឡាករក្នុងក្រុមធ្វើមិនបានល្អលើប៊ូលចូល ចំណែកប៊ូលវ៉ៃធ្វើបានល្អធម្មតា។ ប៊ូលចូលដែលធ្វើមិនល្អនេះអាចមកពីទីលានផងដែរ ដោយសារតែមិនធ្លាប់ហាត់សម និងប្រកួតទីលានបែបនេះពីមុនមក។

យុវជនវ័យ១៤ឆ្នាំខាងលើបន្តថា ចំពោះសមត្ថភាពដៃគូវិញគឺក្រុមរបស់គេល្អ ទាំងប៊ូលចូល និងវ៉ៃ ខណៈក្រុមខ្លួនធ្វើមិនបានល្អទើបជាហេតុចាញ់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ខេត្តកណ្ដាលនេះ។

យ៉ាងណាបើមានឱកាសក្រោយរូបគេក៏ដូចជាក្រុមទាំងមូលប្ដេជ្ញាប្រឹងប្រែងប្រកួតយកឈ្នះវិញដើម្បីមុខមាត់ក្លឹប និងមុខមាត់គ្រូផងដែរ។ លោក ពៅ វណ្ណា តំណាងមន្ទីរអប់រំខេត្តកណ្ដាល លើកឡើងថា ការប្រកួតនេះគឺធ្វើឡើងដើម្បីស្វែងរកអ្នកមានសមត្ថភាពខ្លាំង មានថ្វីដៃត្រៀមការប្រកួតកីឡាជាតិ និងជារកក្រុមត្រៀមហ្វឹកហាត់ក៏ដូចជាប្រកួតជាមួយខេត្តដែលជាបក្សសម្ព័ន្ធក្នុងពង្រឹងគុណផងដែរ។

រំលឹកដែរថា មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ម្សិលមិញនេះបានបិទបញ្ចប់ការប្រកួតពានរង្វាន់ប្រចាំខេត្តម្សិលមិញនេះលើទីលានរបស់មន្ទីរខេត្តតែម្ដង។ វិញ្ញាសា ៣ទល់៣ ក្រុមជាប់លេខ១ បានលើក្លឹបសេរីភាព២ ក្រុមលេខ២ បានលើក្លឹបកំពង់សំណាញ់១ ក្រុមលេខ៣ ក្លឹបវិទ្យាល័យតាខ្មៅ និងលេខ៤ ក្លឹបកំពង់សំណាញ់១៕