បណ្តាញសង្គម

ប្រវត្តិ​មិន​ធម្មតា!​ ម្ចាស់​មេដាយ​មាស​ការ៉ាតេ​ ស្រៀង វិរៈ​ ធ្លាប់​ឈ្នះ​មេដាយ​នៅ​ប្រទេស​អ៊ីតាលី​ទៀត

ស្រៀង វិរៈ ជាកីឡាករជើងខ្លាំងមួយរូបដែលជួយកម្ពុជាឲ្យឈ្នះមេដាយមាស១គ្រឿងកាលពីថ្ងៃទី២៦ នៃព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលទើបតែបិទបញ្ចប់កាលពី៥ថ្ងៃមុននេះនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។កូនខ្មែររូបនេះហើយដែលជួយឲ្យទង់ជាតិកម្ពុជាឈរខ្ពស់ជាងគេចំណោមប្រទេសជិត ១០មកចូលរួម។

វិរៈ ឈ្នះមេដាយមាស លើវិញ្ញាសាប្រយុទ្ធទម្ងន់ ៨៤គីឡូក្រាមចុះ។ ឥលូវងាកមកដឹងពីប្រវត្តិជើងខ្លាំងរបស់កម្ពុជារូបនេះទាំងអស់គ្នា។ ស្រៀង វិរៈ មានអាយុ ២៤ឆ្នាំ ជាអ្នកភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

កីឡាកររូបនេះមានឪពុកឈ្មោះ សយ ស្រៀង ម្ដាយឈ្មោះ ដូត សុខនឿន។ រូបគេមានបងប្អូនចំនួន ៤នាក់ ប្រុស៣នាក់ និងស្រីម្នាក់។ ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ រូបនេះចាប់ផ្ដើមហ្វឹកហាត់កីឡាការ៉ាតេនៅឆ្នាំអំឡុង ២០១៤ នៅក្លឹបមុន្នីស្ថាបនាខេត្តកណ្ដាល ដែលកាលនោះរៀនជាមួយគ្រូតា សាមឺឌី ស៊ីវឌ្ឍនា លោកគ្រូ ហេង ផេង និងលោកគ្រូ សាន សឿន។

ក្រោយចូលប្រឡូកក្នុងវិស័យកីឡាក្បាច់គុននេះអស់រយៈពេល៨ឆ្នាំមក វិរៈ បានចេញទៅប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេសមិនតិចនោះទេ ដែលប្រទេសទាំងនោះរួមមានដូចជា មីយ៉ាន់ម៉ា ថៃ អ៊ីតាលី (រយៈពេល៣ខែឈ្នះមាស ប្រាក់ សំរឹទ្ធ) ម៉ាឡេស៊ី អ៊ូប៉េគីស្ថាន កាហ្សាកស្តង់ ជាដើម។ ចំពោះសមិទ្ធផលមេដាយវិញមានប្រទេសខ្លះក៏បានឈ្នះមេដាយ និងប្រទេសខ្លះក៏មិនបានឈ្នះនោះដែរ។

បើនិយាយពីការប្រកួតនៅកម្ពុជាក្នុងកម្មវិធី ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ អំឡុងថ្ងៃទី ២៥-២៧ មីនា នេះគឺមានការប្រកួតប្រជែងខ្លាំងទម្រាំអាចឈ្នះមេដាយមាស១គ្រឿងនេះ។

ពោលខាងកីឡាករឥណ្ឌូណេស៊ី ម៉ាឡេស៊ី សុទ្ធតែជាជើងខ្លាំងដែលមានបទពិសោធច្រើន និងធ្លាប់ឈ្នះមេដាយផ្សេងៗពីមុន។ យ៉ាងណាជ័យជម្នះមេដាយមាស រួមផ្សំនិងការខំប្រឹងប្រែងហ្វឹកហាត់គ្មានពេលឈប់ឈរផង បទពិសោធក្នុងការរៀបចំបំបែកក្បាច់ ឬយុទ្ធសាស្ត្រកន្លងមកនេះ ជើងខ្លាំងរបស់កម្ពុជាសង្ឃឹមខ្ពស់ថានឹងទទួលបានជោគជ័យនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម អំឡុងខែឧសភាខាងមុខនេះជូនកម្ពុជាជាថ្មីទៀត៕