បណ្តាញសង្គម

Usyk ​ប្រាប់​ហេតុផល​ឈាន​ជើង​ចេញ​ពី​សង្គ្រាម ​មក​ហាត់​​​ត្រៀម​ជាមួយ​ Joshua ​

អ្នកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Oleksandr Usyk បានសម្រេចចិត្តចាកចេញពីស្រុកកំណើតអ៊ុយក្រែន ដើម្បីមកហាត់ប្រដាល់ត្រៀមប្រកួតជាមួយកីឡាករ Anthony Joshua ហើយ។ ដំបូងឡើយនៅពេលអ៊ុយក្រែនត្រូវរុស្ស៊ីឈ្លានពាន កីឡាករ Usyk បានចូលមាតុភូមិវិញ ដើម្បីបម្រើទ័ពការពារទឹកដី។

ក្រោយមកទៀត មាន Promoter ជាច្រើនបានបញ្ចុះបញ្ចូលគេដើម្បីត្រលប់មកសង្វៀនវិញ ដើម្បីវាយការពារខ្សែក្រវ៉ាត់ជាមួយកីឡាករ Anthony Joshua ។ ដោយសារតែមានការគាំទ្រច្រើនពីសំណាកថ្នាក់ដឹកនាំអ៊ុយក្រែន Usyk ក៏សម្រេចចិត្តធ្វើតាម ត្រលប់ចូលសង្វៀនប្រដាល់វិញដែរ។

កីឡាករវ័យ១៩ដង ឈ្នះទាំង១៩ដង និងវាយដៃគូសន្លប់១៣ដងខាងលើបានប្រាប់ហេតុផលថាខ្លួនចូលសង្វៀនវិញនេះ ដើម្បីជាការបង្ហាញទង់ជាតិអ៊ុយក្រែនដល់ពិភពលោកខាងក្រៅ និងបញ្ជាក់ថាពលរដ្ឋអ៊ុយក្រែនមិនចុះចាញ់សង្គ្រាមរុស្ស៊ីឡើយ។

ការស្ពាយកាំភ្លើងរត់ពេញក្រុងគៀវដើម្បីការពារទឹកដីជារឿងមួយ ប៉ុន្តែការចេញក្រៅប្រទេសដើម្បីបង្ហាញពិភពលោកក៏ជារឿងមួយទៀតដើម្បីជួយដល់ជាតិសាសន៍អ៊ុយក្រែនផងដែរ។ ចំពោះរឿង Usyk ចេញប្រកួតនេះដែរ ស្ដេចប្រដាល់អ៊ុយក្រែន Klitschko ក៏បានបង្ហាញការគាំទ្រផងដែរ។

លោកបានបញ្ជាក់ថាវត្ដមានរបស់ Usyk គឺជាសារសំខាន់ទៅកាន់ពិភពលោកទាំងមូល ថាស្ថានភាពនៅអ៊ុយក្រែនយ៉ាងណាហើយ។ ទង់ជាតិអ៊ុយក្រែន ភ្លេងជាតិអ៊ុយក្រែន លើឆាកអន្ដរជាតិ គឺជារឿងសំខាន់ណាស់សម្រាប់បង្ហាញពីវីរភាពរបស់ជនជាតិមួយនេះ៕