ការប្រកួតវគ្គផ្ដាច់ព្រ័ត្រផ្នែកបាល់ទាត់រវាងវិទ្យាល័យសេរីភាព និងវិទ្យាល័យទេពប្រណម្យ ម្សិលមិញនេះជក់ចិត្ត និងធ្វើឲ្យសិស្សៗដែលជាអ្នកគាំទ្រហ៊ោកញ្ជ្រៀវអង្គុយមិនសុខមែនទម្រាំដឹងអ្នកឈ្នះពាន។
រវាងក្រុមទាំងពីរខាងលើនេះគឺមានការសម្រុកគ្នាខ្លាំងរហូតបញ្ចប់ការប្រកួតលទ្ធផល ១-១ ប៉ុណ្ណោះ។ ដូច្នេះក្រុមទាំងពីរឈានដល់ការទាត់បាល់១១ម៉ែត្រដើម្បីកាត់សេចក្ដីរកឈ្នះពានរង្វាន់សិស្សមធ្យមសិក្សាឆ្នាំ ២០២១-២០២២ ជាលទ្ធផលបានលើវិទ្យាល័យសេរីវភាព។
ចំពោះអ្នកគាំទ្រវិញក៏បានស្រែកលើកទឹកចិត្តទៅតាមសកម្មភាពប្រកួតដែលសម្រុកទៅមកផងដែរ ជាហេតុមិនសូវបានអង្គុយស្រួលឡើយព្រោះចង់ឲ្យក្រុមខ្លួនឈ្នះ។លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល លើកឡើងថា ការប្រកួតពានរង្វាន់សិស្សមធ្យមសិក្សានេះគឺដំណើរការទៅរលូនបានល្អ ក្រុមកីឡាករ កីឡាការិនីមានសាមគ្គីភាពគ្នា និងលេងដោយការយោគយល់។
រំលឹកដែរថា ពានរង្វាន់សិស្សមធ្យមសិក្សា ឆ្នាំ២០២១-២០២២ ដែលចាប់ផ្ដើមពីថ្ងៃទី២៣ ខែមីនានេះគឺបិទបញ្ចប់ទៅហើយកាលពីម្សិលមិញនៅតារាងបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ផ្នែកបាល់ទាត់បុរស លេខ១ បានលើវិទ្យាល័យសេរីភាព លេខ២ បានលើវិទ្យាល័យទេព្យប្រណម្យ និងលេខ៣ បានលើ វិទ្យាល័យសេរីដីដុះ៕