បណ្តាញសង្គម

Zlatan ​នៅ​តែ​បន្ត​ជួយ​ក្រុមស៊ុយអែត​ ទោះ​​មិន​បាន​ទៅ​លេង​​ World Cup 2022

ក្រុមជម្រើសជាតិស៊ុយអែតបានបាត់ឱកាសទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ក្រោយក្រុមជម្រើសជាតិប៉ូឡូញបានទម្លាក់ដោយយកជ័យជំនះក្នុងលទ្ធផល ២-០ នៅក្នុងថ្ងៃនេះក្នុងវគ្គជម្រុះ Play-off ។

ទោះជាមិនទៅប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះប៉ុន្តែ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឆ្លើយតបក្នុងលក្ខណៈវិជ្ជមានទៅសារព័ត៌មាន Metro ដែលបានសួរគេក្រោយប្រកួតចាញ់ហើយថា គេនឹងបន្តលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតទៀតឬយ៉ាងណា។Zlatan បានឆ្លើយថា៖" ខ្ញុំសង្ឃឹមថានឹងបានបន្តលេងឲ្យទៀត។

ឲ្យតែខ្ញុំនៅមានសុខភាពអាចលេងកើត ខ្ញុំនឹងនៅតែបន្តលេង និងបន្តជួយក្រុមនេះទៀត "។ គ្រូបង្គោលក្រុមជម្រើសជាតិស៊ុយអែត លោក Janne Andersson ក៏ស្វាគមន៍ Zlatan ផងដែរថា ឲ្យតែគេនៅចង់បន្ត និងមានសុខភាពទៅរួច គេនឹងនៅតែអាចជួយក្រុមលោកអញ្ចឹង។

នៅខែតុលា ឆ្នាំ២០២២ខាងមុខ Zlatan នឹងមានវ័យ ៤១ឆ្នាំហើយ ដោយកីឡាករនេះបានចូលជួយក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០០១ មកដោយចូលលេងបាន ១២១ប្រកួត និងរកបាន៦២គ្រាប់។ Zlatan ធ្លាប់បង្ហាញខ្លួននៅ World Cup លើកចុងក្រោយបំផុតនៅឆ្នាំ២០០៦៕