បណ្តាញសង្គម

PL កំពុង​គិត​គូរ​ អនុញ្ញាត​ឲ្យ​ប្ដូរ​កីឡាករ​បាន​រហូត​ទៅ​ ៥នាក់ ក្នុង​មួយ​ប្រកួត​សារ​ជា​ថ្មី​

Premier League កំពុងធ្វើការគិតគូរពិចារណា អនុញ្ញាតឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួតសារជាថ្មី។ នេះបើយោងតាម BBC ។

ការសម្រេចនឹងអនុញ្ញាតឲ្យធ្វើបែបនេះឬក៏យ៉ាងណានោះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតពីក្លឹបទាំង២០ នៅក្នុង PL នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ បើតាមប្រភពជាច្រើន សេចក្ដីសម្រេចឲ្យប្ដូរកីឡាករបាន ៥នាក់នេះមិនអាចទៅរួចនោះតាមរយៈបោះឆ្នោត ព្រោះក្លឹបខ្លះគាំទ្រ និងក្លឹបខ្លះទៀតមិនគាំទ្រគោលការណ៍នេះ ដោយសារតែខ្លាចមានការប្រកួតប្រជែងមិនស្មើភាពគ្នាជាមួយនឹងក្លឹបធំៗ។

ទោះជាយ៉ាងណា PL នៅតែលើករឿងនេះមកគិតគូរពិចារណាព្រោះតែក្លឹបមួយចំនួនក្នុងលីគកំពូលនេះ ក៏ដូចជាស្ថាប័នច្បាប់បាល់ទាត់ International Football Association Board បានផ្ដល់យោបល់គួរតែអនុញ្ញាតឲ្យប្រើប្រាស់គោលការណ៍ខាងលើនេះ។

ការឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួតធ្លាប់អនុញ្ញាតឲ្យធ្វើបែបកាលពីរដូវកាលឆ្នាំ២០១៩/២០ ដោយសារកាលវិភាគការប្រកួតរបស់ក្លឹបនីមួយៗញឹក បន្ទាប់ពីឈប់សម្រាកក្រោយផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយលីគកំពូលធំៗរបស់អឺរ៉ុបនៅតែបន្តអនុញ្ញាតឲ្យគោលការណ៍បែបនេះរហូតមករដូវកាលនេះ ខណៈលីគកំពូលអង់គ្លេសបានផ្លាស់ប្ដូរអនុញ្ញាតឲ្យប្ដូរកីឡាករបាន ៣នាក់ក្នុងប្រកួត ចាប់ពីរដូវកាលឆ្នាំ២០២០/២១រហូតមក៕