បណ្តាញសង្គម

ប្រធាន​សហព័ន្ធ​សីដក់៖​ គ្រូៗ​សូម​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​ច្រើន​ដើម្បី​បាន​អ្នក​ចូលរួម​ប្រកួត​ក្រោយៗ​ទៀត​

ប្រធានសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា បានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូទាំងអស់សូមចូលរួមពង្រីកផ្សព្វផ្សាយ បង្ហាត់បង្រៀនសិស្សឲ្យបានច្រើនដើម្បីបង្កើនធនធានជាពិសេសសំបូរដល់ការប្រកួតនានា។

ឯកឧត្ដម មាស សារិន ប្រធានសហព័ន្ធបានឲ្យដឹងថា ការប្រកួតសិស្សឧត្ដមសិក្សានេះគឺល្អ បានពង្រឹងសមត្ថភាពដល់កីឡាករ កីឡាការិនី ជាពិសេសម្នាក់ៗបានចូលរួមប្រកួតច្រើនបែបនេះ។ ប្រកួតកាន់តែច្រើនកាន់តែមានបទពិសោធច្រើន។

ព្រឹទ្ធាចារ្យក្នុងវិស័យកីឡារូបនេះបន្ថែមទៀតថា គ្រូៗសូមបន្តប្រឹងប្រែងបង្ហាត់បង្រៀនសិស្ស ពង្រីកផ្សព្វផ្សាយតាមសាលារៀនឲ្យបានច្រើនដើម្បីទទួលបានធនធានថ្មីៗ សំបូរកីឡាករចូលរួមប្រកួតប្រជែង។

ចំពោះអាជ្ញាកណ្ដាលចៅក្រមក៏ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពផងដែរជាការត្រៀមឆ្ពោះទៅស៊ីហ្គេម ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ម្សិលមិញនេះសហព័ន្ធសីដក់ និងឈិនឡូនកម្ពុជា បានបិទបញ្ចប់ការប្រកួតកម្មវិធីសិស្សឧត្ដមសិក្សារបស់ខ្លួនក្នុងពហុកីឡដ្ឋានជាតិ ក្រោយធ្វើការប្រកួតអស់រយៈពេលប៉ុន្មានថ្ងៃនេះ។

រសៀលនេះដែរក្រសួងអប់រំ យុវជន និងកីឡាក៏ធ្វើពិធីបិទការប្រកួតសិស្សឧត្តមសិក្សាជាផ្លូវការនៅសកលភូមិន្ទភ្នំពេញ៕