បណ្តាញសង្គម

Al-Nassr ចេញ​មុខ​បកស្រាយ​រឿង​កុងត្រា​របស់​ Ronaldo

ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr បានចេញមុខបកស្រាយជាសាធារណៈពាក់ព័ន្ធនឹងកុងត្រារបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo។

នៅក្នុងបណ្ដាញសង្គមរបស់ខ្លួន ក្លឹបអារ៉ាបមួយនេះបានលើកឡើងថា «កុងត្រារបស់ Cristiano Ronaldo ជាមួយនឹងក្លឹប Al Nassr មិនមានជាប់ពាក់ព័ន្ធនឹងកិច្ចការណាមួយរបស់ការដេញថ្លៃ [របស់អារ៉ាប៊ីសាអ៊ូឌីត] ក្នុងការធ្វើជាម្ចាស់ផ្ទះ World Cup នោះទេ»។

ខាងក្លឹបបានបន្តថា៖ «ការងារចម្បងរបស់ Ronaldo គឺផ្ដោតលើក្លឹប Al Nassr និងសហការជាមួយមិត្តរួមក្រុមក្នុងការជួយឱ្យក្លឹបទទួលបានភាពជោគជ័យ»។

កន្លងមកមានសេចក្ដីរាយការណ៍ជាច្រើនបានឱ្យដឹងថា Ronaldo ជាប់កុងត្រាជាមួយក្លឹបអារ៉ាប៊ីសាអ៊ូឌីតរយៈពេល ៧ឆ្នាំ ដោយលេងបាល់ទាត់ ២ឆ្នាំ ហើយធ្វើជាទូតសុច្ឆន្ទៈក្នុងការលើកមុខមាត់ប្រទេសមជ្ឈិមបូព៌ា ៥ឆ្នាំទៀត ដើម្បីជួយឱ្យប្រទេសនេះឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០។

សម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០ អារ៉ាប៊ីសាអ៊ូឌីតមានផែនការសហការធ្វើជាសហម្ចាស់ផ្ទះជាមួយក្រិក និងអេហ្ស៊ីប៕