បណ្តាញសង្គម

Wout Weghorst គ្រោង​ផ្ដាច់​កុងត្រា​ជាមួយ​ក្លឹប​ទួរគី ដើម្បី​មក​លេង​នៅ Man Utd

ខ្សែប្រយុទ្ធហុល្លង់ Wout Weghorst គ្រោងផ្ដាច់កុងត្រាជាមួយក្លឹបទួរគី Besiktas ដើម្បីមកលេងជាមួយនឹងក្លឹប Manchester United ក្នុងលក្ខខណ្ឌខ្ចីជើង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

តាមពិតទៅ Weghorst ជាកីឡាកររបស់ក្លឹបអង់គ្លេស Burnley ទេ តែគេទៅលេងនៅ Besiktas ក្នុងកុងត្រាខ្ចីជើងចាប់តាំងពីឆ្នាំ២០២២មក។

ប្រភពខាងលើបានឱ្យដឹងថា កីឡាករហុល្លង់រូបនេះនឹងផ្ដាច់កុងត្រាជាមួយក្លឹប Besiktas នៅថ្ងៃព្រហស្បតិ៍នេះ មុនពេលនឹងធ្វើដំណើរកាន់ទីក្រុងមេនឆេស្ទើរ ស្របពេលដែលភាគីទាំងពីរព្រមព្រៀងជាគោលការណ៍ជាមួយគ្នាទៅហើយ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះគ្រោងនឹងលេងនៅ Man Utd រហូតដល់ចប់រដូវកាល ២២/២៣។ ក្រោយពេលដែលខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ចាកចេញពីក្លឹប Manchester United លោក Erik Ten Hag ដែលជាអ្នកចាត់ការក្លឹបបិសាចក្រហមកំពុងតែស្វះស្វែងរកខ្សែប្រយុទ្ធដើម្បីជំនួសតំណែង Ronaldo៕