បណ្តាញសង្គម

PSG កំពុង​តែ​គិត​គូរ​ដើរ​ចេញ​ពី​កីឡដ្ឋាន Parc des Prince ក្រោយ​អត់​ត្រូវ​គ្នា​ជាមួយ​ចៅហ្វាយ​ក្រុង​ប៉ារីស

ក្លឹប Paris Saint-Germain កំពុងតែស្វែងរកកីឡដ្ឋានផ្សេងពីកីឡដ្ឋាន Parc des Princes បន្ទាប់ពីអាជ្ញាធររដ្ឋធានីប៉ារីសបដិសេធមិនលក់កីឡដ្ឋាននេះឱ្យម្ចាស់ក្លឹប ដែលជារដ្ឋាភិបាលកាតា។

កាលពីថ្ងៃអាទិត្យកន្លងទៅ អភិបាលរដ្ឋធានីប៉ារីសអ្នកស្រី Anne Hidalgo បានលើកឡើងថា កីឡដ្ឋានមួយនេះនឹងមិនលក់ឱ្យក្លឹប PSG ដាច់ខាត។ ឆ្លើយតបនឹងការលើកឡើងបែបនេះ អ្នកនាំពាក្យក្លឹប PSG បានប្រាប់អ្នកកាសែតថា ចៅហ្វាយក្រុងប៉ារីសចង់បណ្ដេញក្លឹប PSG និងអ្នកគាំទ្រចេញពីកីឡដ្ឋាន Parc des Princes។

កីឡដ្ឋាន Parc des Princes ជាទឹកដីរបស់ PSG តាំងពីឆ្នាំ១៩៧៤មក។ កីឡដ្ឋានចាប់បើកដំបូងនៅឆ្នាំ១៨៩៧ ហើយជួសជុលកែកុននៅឆ្នាំ១៩៧២ ជាមួយនឹងទំហំមនុស្ស ៤៨ ០០០នាក់។

កាលពីឆ្នាំ២០១៣ PSG បានព្រមព្រៀងជាមួយក្រុមប្រឹក្សាភិបាលទីក្រុងប៉ារីសក្នុងការកាន់កាប់រហូតដល់ឆ្នាំ២០៤៣។ កាលពីពេលថ្មីៗនេះ ខាង PSG បានផ្ដួចផ្ដើមក្នុងការអភិវឌ្ឍ និងការធ្វើទំនើបកម្មតំបន់ជុំកីឡដ្ឋាននេះ ជាមួយនឹងទឹកប្រាក់វិនិយោគសរុប ៥៤២លានដុល្លារអាមេរិក។

ប៉ុន្តែក្លឹបនឹងអនុវត្តផែនការនេះ លុះត្រាតែកីឡដ្ឋាន Parc des Princes ក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់ក្លឹប។ ខាងអ្នកនាំពាក្យរបស់ចៅហ្វាយក្រុងប៉ារីសបានលើកឡើងថា សំណើសុំទិញកីឡដ្ឋានរបស់ PSG មានតម្លៃតែប្រមាណ ៥០លានដុល្លារអាមេរិកប៉ុណ្ណោះ។

តែទោះជាការលក់ មិនមែនជាអាទិភាពរបស់រដ្ឋបាលទីក្រុងប៉ារីសមែន ក៏អាជ្ញាធរក្រុងបានពិភាក្សាបញ្ហាមួយចំនួន ដើម្បីសម្រួលឱ្យ PSG អភិវឌ្ឍកីឡដ្ឋាន Parc des Princes៕