បណ្តាញសង្គម

គ្រូ Chelsea អត់​ដឹង​ខ្លួន​ថា ក្លឹប​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី​មក​ពី​អ៊ុយក្រែន​នោះ​ទេ

លោក Graham Potter អ្នកចាត់ការក្លឹប Chelsea បានប្រាប់អ្នកកាសែតថា លោកមិនដឹងខ្លួនទាល់តែសោះ នៅពេលដែលក្លឹបទិញបានខ្សែប្រយុទ្ធស្លាបអ៊ុយក្រែនកីឡាករ Mykhailo Mudryk កាលពីថ្ងៃសៅរ៍។

កាលពីថ្ងៃសៅរ៍ Chelsea មានប្រកួតមួយប៉ះនឹងក្លឹប Crystal Palace។ លុះប្រកួតបាន ២០នាទី ក្លឹប Chelsea បានប្រកាសជាផ្លូវការថា ខ្លួនទិញបាន Mudryk ហើយ។ ក្រោយមកនៅពេលសម្រាកតង់ទី១ ខ្សែប្រយុទ្ធអ៊ុយក្រែនកើតឆ្នាំ២០០១រូបនេះក៏បានបង្ហាញខ្លួន ជាមួយនឹងទង់ជាតិអ៊ុយក្រែននៅក្នុងកីឡដ្ឋាន Stamford Brdige ដែលជាទឹកដីរបស់ Chelsea បង្កជាក្ដីសោមនស្សរីករាយចំណោមអ្នកគាំទ្រក្លឹបតោខៀវ។

ទោះជាបែបនេះក្ដី លោក Potter បាននិយាយអ្នកកាសែតតាមត្រង់ថា៖ «ខ្ញុំអត់ដឹងរឿងទេថា ម៉េចបានរឿងនេះ [ការទិញយក Mudryk] កើតឡើង។ ខ្ញុំកំពុងតែផ្ដោតលើការប្រកួត»។ លោក Potter ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយដែរ នៅពេលដែលក្លឹបទិញបានកីឡាករមួយនេះ។

សារព័ត៌មាន BBC បានចុះផ្សាយថា ក្លឹប Chelsea នៅពេលនេះកំពុងតែកែទម្រង់ផ្ទៃក្នុង ពោលគឺផ្លាស់ប្ដូរគោលនយោបាយនាំចូលកីឡាករ។ ម្ចាស់ក្លឹបជនជាតិអាមេរិកាំងលែងពាក់ព័ន្ធនឹងរឿងទិញដូរទៀតហើយ ដោយលោកបានចាត់ឱ្យអ្នកបច្ចេកទេសធ្វើការម្ដង៕