បណ្តាញសង្គម

Shakhtar សន្យា​បរិច្ចាគ ២៥លាន​ដុល្លារ​ដើម្បី​ជា​ជំនួយ​ដល់​អ៊ុយក្រែន​ ក្រោយ​លក់​ Mudryk ឱ្យ Chelsea

ក្លឹប Shakhtar Donetsk សន្យាបរិច្ចាគទឹកប្រាក់ចំនួន ២៥លានដុល្លារអាមេរិក ដើម្បីជាជំនួយដល់ទាហានអ៊ុយក្រែន និងក្រុមគ្រួសារ ដែលចូលរួមក្នុងបុព្វហេតុការពារទឹកដីរបស់ខ្លួននៅក្នុងសង្គ្រាមដែលកំពុងអូសបន្លាយដល់សព្វថ្ងៃនេះ។

នេះបើតាមការលើកឡើងរបស់ប្រធានក្លឹបលោក Rinat Akhmetov កាលពីថ្ងៃច័ន្ទ។

លោកបានលើកឡើងថា៖ «ខ្ញុំនឹងបែងចែកទឹកប្រាក់ចំនួន ២៥លានដុល្លារ ដែលបាននៅថ្ងៃនេះ [សំដៅលើទឹកលុយដែលបានពីការលក់ខ្សែប្រយុទ្ធ Mykhailo Mudryk ទៅឱ្យ Chelsea] ដើម្បីជួយកងកម្លាំងប្រដាប់អាវុធ អ្នកការពារជាតិរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ»។

គម្រោងនេះនឹងចាត់ចែងដោយក្រុមឯករាជ្យមួយ ដែលគ្របដណ្ដប់លើតម្រូវការផ្សេងៗដូចជា ការព្យាបាលជំងឺ ការទ្រទ្រង់ផ្នែកផ្លូវចិត្ត និងតម្រូវការផ្សេងៗទៀត តាមការស្នើសុំរបស់ភាគីពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ លោក Akhmetov បានលើកឡើងបន្ថែមថា ក្លឹបរបស់លោកគ្រោងនឹងលេងប្រកួតមិត្តភាពប៉ះនឹងក្លឹប Chelsea នៅក្នុងទឹកដីអ៊ុយក្រែនតែម្ដង៕