បណ្តាញសង្គម

ចចាមអារ៉ាម៖ Messi នៅ​តែ​ជា​គោលដៅ​របស់​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត

ក្រោយទិញខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo រួចហើយ ក្លឹបនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅមិនទាន់ស្កប់ស្កល់នោះទេ។

ក្លឹបមួយដែលមានឈ្មោះថា Al Hilal កំពុងតែចូលចែចូវបញ្ចុះបញ្ចូលឱ្យ ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ចូលរួមរស់ជាមួយខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

តាមពិតទៅ Messi នឹងផុតកុងត្រាជាមួយក្លឹបយក្សបារាំង Paris Saint-Germain នៅក្នុងឆ្នាំនេះហើយ។ ក្រោយពីលើកពាន World Cup នៅប្រទេសកាតា ខាង PSG ក៏ចរចាបន្តកុងត្រាផងដែរ ប៉ុន្តែមកទល់ពេលនេះនៅមិនទាន់ជោគជ័យនោះទេ ដោយសារតែអត់ត្រូវរ៉ូវគ្នារឿងប្រាក់ខែ និងរឿងរយៈពេលកុងត្រាជាដើម។

ខាងអារ៉ាប៊ីសាអ៊ូឌីតគ្រោងនឹងឱ្យ Messi លើសពី ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំណែកឯខាង PSG តាមពិតទៅ លុយប៉ិនហ្នឹងគេមិនខ្វះទេ ប៉ុន្តែនៅអឺរ៉ុបច្បាប់ទម្លាប់រឿងប្រាក់ខែហាក់ដូចជារាងតឹងតែងបន្តិច ដោយសារតែគេចង់លើកកម្ពស់ភាពយុត្តិធម៌ផ្នែកហិរញ្ញវត្ថុក្នុងបាល់ទាត់ ដែលគេហៅថា Fair Play ផ្នែកហិរញ្ញវត្ថុ។

ក្រៅពី Messi ប្រទេសនេះក៏ចង់ទិញកីឡាករកំពូលៗពីអឺរ៉ុបផងដែរដូចជា ខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah និងខ្សែបម្រើបែលហ្សិក Kevin De Bruyne ជាដើម៕