បណ្តាញសង្គម

កីឡាករ​បាល់ទាត់​ចាស់​ជាង​គេ​ចេញ​ពី​ជប៉ុន ទៅ​លេង​នៅ​ព័រទុយហ្គាល់

កីឡាករបាល់ទាត់មានវ័យចំណាស់ជាងគេនៅលើពិភពលោកបានផ្លាស់ពីក្លឹបជប៉ុន ទៅលេងនៅក្លឹបព័រទុយហ្គាល់។លោក Kazuyoshi Miura ឬមានរហស្សនាមថា King Kazu អាយុ ៥៦ឆ្នាំបានទៅលេងនៅក្លឹបលីគទី២ព័រទុយហ្គាល់ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងទីផ្សាររដូវរងាឆ្នាំ២០២៣នេះ។

នៅក្នុងក្លឹបថ្មីនេះ លោកនឹងពាក់អាវលេខ ១១។ បុរសជនជាតិជប៉ុនរូបនេះបានលេងបាល់ទាត់អស់រយៈពេល ៣៨រដូវកាលមកហើយ ដោយលោកចាប់ផ្ដើមអាជីពឈុតធំដំបូងនៅឆ្នាំ១៩៨៦ នៅក្នុងប្រទេសប្រេស៊ីល។

ក្នុងរយៈពេលជាង ៤០ឆ្នាំ លោកបានរសាត់អណ្ដែតនៅស្រុកជប៉ុន ហើយធ្លាប់ទៅលេងនៅលីគកំពូលអ៊ីតាលី ក្រូអាត ហើយចាប់ពីឆ្នាំ២០០៥មក លោកបានរួមរស់ជាមួយក្លឹប Yokohama។

ទោះជាលោកស្ថិតក្នុងឈ្មោះកីឡាករ Yokohama មែនតែលោកបានផ្លាស់ទៅលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅអូស្ត្រាលីបានម្ដង ហើយក្រោយមកក៏លេងនៅលីគទី៤ជប៉ុន មុននឹងទៅលេងនៅព័រទុយហ្គាល់នៅឆ្នាំ២០២៣នេះ។

ជាង ៤០ឆ្នាំនៃអាជីពរបស់លោក លោករកបាន ២១៨គ្រាប់ និងបង្ហាញខ្លួន ៧៨៣ដង។ លោកសន្យាថា លោកនឹងចូលនិវត្តន៍នៅអាយុ ៦០៕