បណ្តាញសង្គម

Varane ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ ដោយ​ខ្លួន​ស្ទើរ​ «ថប់​ដង្ហើម​» ពេល​លេង​ឱ្យ​បារាំង

ខ្សែការពារក្លឹប Manchester United កីឡាករ Raphael Varane បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

កីឡាកររូបនេះបានប្រាប់សារព័ត៌មានបារាំង Canal+ ថា ខ្លួនស្ទើរតែថប់ដង្ហើមទៅហើយពេលលេងឱ្យក្រុមជម្រើសជាតិ ដោយសារតែខ្លួនលេងប្រកួតច្រើនពេក។

កីឡាកររូបនេះបានលើកឡើងថា៖ «ខ្ញុំលះបង់អ្វីៗគ្រប់យ៉ាង ទាំងផ្លូវកាយ និងផ្លូវចិត្ត»។

«តែដូចម៉ាស៊ីនបោកខោអាវអញ្ចឹង យើងលេងគ្រប់ពេល ហើយអត់ចេះឈប់។ យើងមានប្រកួតច្រើនខ្លាំងពេក... នៅពេលនេះ ខ្ញុំមានអារម្មណ៍ដូចថប់ដង្ហើមអញ្ចឹង»។ នេះបើតាមការបន្ថែមរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ។ Varane ចូលលេងក្រុមបារាំងតាំងពីឆ្នាំ២០១៣។

កីឡាកររូបនេះលេងឱ្យបារាំងបាន ៩៣ប្រកួត ហើយរកបាន ៥គ្រាប់។ កីឡាកររូបនេះក៏បានជួយបារាំងឱ្យឈ្នះពានជាច្រើន ជាពិសេសពាន World Cup ឆ្នាំ២០១៨៕