បណ្តាញសង្គម

ល្បី​ថា Elon Musk តាម​ដាន​ការ​ដេញ​ថ្លៃ​ទិញ​ក្លឹប Man Utd

មហាសេដ្ឋីអាមេរិកលោក Elon Musk ត្រូវបានគេល្បីថា កំពុងតែតាមដានការដេញថ្លៃទិញក្លឹបបិសាចក្រហម Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។

សារព័ត៌មានខាងលើបានចុះផ្សាយថា មកទល់ពេលនេះ មហាសេដ្ឋីមានទឹកប្រាក់ប្រមាណ ១៩០ប៊ីលានដុល្លារអាមេរិកមិនទាន់ដេញថ្លៃទិញក្លឹបជាផ្លូវការនោះទេ តែលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

កន្លងមកម្ចាស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter រូបនេះក៏ធ្លាប់បង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញក្លឹបមួយនេះដែរ។ លោកក៏ធ្លាប់និយាយថា Man Utd ជាក្លឹបសំណព្វរបស់លោកតាំងពីតូច។

មកទល់ពេលនេះដែរ មានអ្នកដេញថ្លៃទិញក្លឹបបិសាចក្រហមមួយចំនួនដូចជា មហាសេដ្ឋីអង់គ្លេសម្ចាស់ក្រុមហ៊ុនលក់ផលិតផលឥន្ធនៈគីមី Sir Jim Ratcliffe ក៏ដូចជាភាគីពាក់ព័ន្ធមួយចំនួនទៀតមកពីអាមេរិក កាតា និងអារ៉ាប៊ីសាអ៊ូឌីត៕