បណ្តាញសង្គម

សម្ដេច ទៀ បាញ់៖ កាលមុនយើងបារម្ភស្ដាតចាស់ តែពេលនេះស្ដាតចាស់កែកុនស្របតាមស្ដង់ដារអន្ដរជាតិហើយ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC មានប្រសាសន៍ថា ការត្រួតពិនិត្យទីលានប្រកួតនានា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ហើយពេលនេះ បានចប់សព្វគ្រប់រៀបរយអស់ហើយ។

នេះជាការបញ្ជាក់របស់សម្តេចពិជ័យសេនា នៅក្រោយការត្រួតពិនិត្យទីលានប្រកួត នៅមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នាព្រឹកថ្ងៃទី១៩ ខែមេសា។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖ "ពេលវេលាយើងជិតមកដល់ហើយ ជាពិសេសគឺព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ដូច្នេះគ្រប់គណៈកម្មការ ក៏ដូចជាគ្រប់ផ្នែកនានា កំពុងមហាញឹកមែនទែន ក្នុងការត្រួតពិនិត្យគ្រប់ផ្នែក គ្រប់វិស័យទាំងអស់ ជាពិសេស គឺទីលានប្រកួត ត្រូវតែរួចរាល់មុនអ្វីៗទាំងអស់ ដើម្បីធានាឱ្យបានស្អាត អនាម័យ ព្រមទាំងត្រឹមត្រូវតាមស្តង់ដាអន្តរជាតិផងដែរ។

ជារួម គឺគ្រប់ទិសទីទាំងអស់ យើងបានត្រួតពិនិត្យជាបន្តបន្ទាប់រួចរាល់ចប់សព្វគ្រប់អស់ហើយ ដោយនៅសល់តែការសម្អាតអនាម័យ តុបតែងស្លាកសញ្ញា និមិត្តសញ្ញា ឱ្យកាន់តែស្រស់ប្រិមប្រិយប៉ុណ្ណោះ"។

"ដូច្នេះនៅថ្ងៃនេះ យើងឃើញថា គ្រប់ទីកន្លែងប្រកួតទាំងអស់ បានរៀបរយរួចរាល់ជិត១០០ភាគរយហើយ។ ចំពោះទីលានប្រកួតនៃកីឡដ្ឋានស្តាតចាស់ សម្រាប់ប្រកួតបាល់ទាត់នារី ដែលពីមុនយើងមានក្តីបារម្ភ ដែលអាចប្រកួតបាន១ពេល ប៉ុន្តែពេលនេះយើងបានដោះស្រាយទាន់ពេលវេលា ក្រោយការខិតខំប្រឹងប្រែងកែលម្អ ការបំពាក់ភ្លើងបំភ្លឺ គឺអាចប្រកួតបាន២ពេល ឱ្យស្របតាមស្តង់ដា ដើម្បីធានាឱ្យការប្រកួតនៅទីលានមួយនេះ ប្រកបដោយភាពរលូន"។ នេះជាការសង្កត់ធ្ងន់បន្ថែមរបស់សម្តេចពិជ័យសេនា។

សម្តេចប្រធាន CAMSOC-CAMAPGOC បានលើកឡើងទៀតថា ទីលានបាល់ទាត់ មាន៤កន្លែងសម្រាប់បម្រើដល់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺនៅស្តាតចាស់ ពហុកីឡដ្ឋានជាតិ (អូឡាំពិក) កីឡដ្ឋានភ្នំពេញក្រោន កីឡដ្ឋានព្រីនស៍ ដោយសារប្រភេទកីឡាបាល់ទាត់ត្រូវដំណើរការប្រកួតមុនគេ ដោយចាប់ផ្តើមប្រកួត ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣៕

ដកស្រង់ពី៖ Sabay