បណ្តាញសង្គម

Ten Hag និយាយ​ពី​អនាគត​របស់ De Gea

អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បាននិយាយអំពីអនាគតរបស់អ្នកចាំទី David de Gea។

នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃនេះ លោក Ten Hag បាននិយាយថា De Gea គឺជាកីឡាករចាំទីដែលរារាំងមិនឲ្យមានគ្រាប់ស៊ុតបញ្ចូលទីច្រើនប្រកួតជាងគេ (Clean Sheet) នៅក្នុងលីគកំពូលអង់គ្លេសក្នុងរដូវកាលនេះ។

ដូច្នេះ ទិន្នន័យនេះបានបញ្ជាក់ថា De Gea គឺជាអ្នកចាំទីដ៏មានសមត្ថភាព។ លោក Ten Hag ឆ្លើយបែបនេះ ពេលអ្នកសារព័ត៌មានសួរថាតើ De Gea គឺជាអ្នកចាំទីដៃទីមួយរយៈពេលវែង ឬទេ សម្រាប់ក្លឹប Manchester United។

ថ្វីត្បិត De Gea មានទិន្នន័យល្អផ្នែក Clean Sheet ច្រើន អ្នកចាំទីរូបនេះត្រូវបានគូប្រកួតស៊ុតចូលប្រកួត ៣៥ គ្រាប់ក្នុងរដូវកាលនេះ ដែលជាតួលេខខ្ពស់មួយនៅ Premier League។ បច្ចុប្បន្ន ភាគី De Gea កំពុងចរចាកុងត្រាថ្មីជាមួយភាគីបិសាចក្រហម។

កុងត្រាបច្ចុប្បន្នរបស់កីឡាករអ្នកចាំទីនឹងបញ្ចប់នៅខែមិថុនានេះ។ De Gea បានមកចូលរួម Manchester United កាលពីឆ្នាំ ២០១១ ហើយលេងឲ្យក្លឹបសរុប ៤០៧ ប្រកួត។

អ្នកចាំទីអេស្ប៉ាញរូបនេះ ត្រូវបានអ្នកគាំទ្របិសាចក្រហម និងមជ្ឈដ្ឋានបាល់ទាត់ជាច្រើនកោតសរសើរអំពីសមត្ថភាពចាប់ទី ជាពិសេសភាពរហ័ស និងច្បាស់លាស់ក្នុងការសង្គ្រោះគ្រាប់បាល់គ្រោះថ្នាក់ជាច្រើន។ ទោះជាយ៉ាងណា ក៏មានមតិរិះគន់មួយចំនួន បានលើកឡើងថា De Gea ហាក់មានចំណុចខ្សោយក្នុងការបញ្ជូនបាល់ទៅមិត្តរួមក្រុម៕