បណ្តាញសង្គម

Juventus បាន១៥ពិន្ទុ​មកវិញ នៅ​លីគ​កំពូល​អ៊ីតាលី

ក្លឹបសេះបង្កង់ Juventus ត្រូវបានគេផ្ដល់ឱ្យ ១៥ពិន្ទុវិញនៅក្របខ័ណ្ឌ Serie A បន្ទាប់ពីក្លឹបនេះទៅតវ៉ានៅអង្គជំនុំជម្រះអូឡាំពិកអ៊ីតាលី ដែលជាតុលាការកាត់ក្ដីផ្នែកកីឡាជាន់ខ្ពស់នៅប្រទេសនេះ។

ក្លឹបនេះត្រូវបានស្ថាប័នបាល់ទាត់អ៊ីតាលីសម្រេចដក ១៥ពិន្ទុ ដោយសារតែខាងអាជ្ញាធរបាល់ទាត់អ៊ីតាលីរកឃើញថា Juventus ក្លែងបន្លំ និងបំប៉ោងចំណូលរបស់ខ្លួនបានពីការដោះដូរកីឡាករចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។

កិច្ចការពាក់ព័ន្ធនឹងរឿងចំណូល និងចំណាយជាផ្នែកមួយដ៏សំខាន់ពាក់ព័ន្ធនឹងភាពយុត្តិធម៌ និងសមធម៌ផ្នែកហិរញ្ញវត្ថុនៅក្នុងអភិបាលកិច្ចបាល់ទាត់អឺរ៉ុប។ ក្រោយពីគេឱ្យ ១៥ពិន្ទុវិញ Juventus ឈរនៅចំណាត់ថ្នាក់លេខ ៣នៅលីគអ៊ីតាលី ជាមួយនឹង ៥៩ពិន្ទុ ខណៈក្លឹបលេខ ១គឺ Napoli មាន ៧៥ពិន្ទុ។

លីគអ៊ីតាលីនៅសល់ ៨ប្រកួតទៀតទើបចប់រដូវកាល។ ទោះជាបាន ១៥ពិន្ទុមកវិញក្ដី ថ្នាក់ដឹកនាំក្លឹប Juventus នៅតែជាប់បម្រាមដដែល។ ក្លឹបនេះទៀតសោតបន្តស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់អ៊ីតាលី៕

ដកស្រង់ពី៖ Sabay