បណ្តាញសង្គម

ក្រោយស្មើគ្នា ១ ទល់ ១ ជាមួយហ្វីលីពីន លោក ហុងដា ពោលពាក្យមួយឃ្លាមានន័យខ្លាំងចំពោះកូនក្រុម

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ឆ្នាំ ដោយលទ្ធផលបញ្ចប់ទៅក្នុងលទ្ធផល ១ ទល់ ១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នងព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍លើកទី៣២ លើវិញ្ញាសារបាល់ទាត់បុរស។

ក្រុមកម្ពុជា បានបើកការនាំមុខមុននៅក្នុងតង់ទី ១ នៅនាទី ទី ២៦ ស៊ុតបញ្ចូលទីដោយកីឡាករ គី រីណា។ លុះចូលដល់ចុងតង់ទី២ ជិតបញ្ចប់ការប្រកួតទៅហើយ ហ្វីលីពីន បានតាមស្មើវិញនៅចុងម៉ោង ពោលគឺនៅនាទីទី ៩០បូក ស៊ុតបញ្ចូលទីដោយកីឡាករ Carino។

បើទោះបីលទ្ធផលបញ្ចប់ទៅបានត្រឹមស្មើក្តី ប៉ុន្តែអ្នកចាត់ការទូទៅក្រុមជម្រើ់សជាតិគោព្រៃកម្ពុជា លោក កីស៊ូកិ ហុងដា បានបង្ហោះលើនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លនថា “វាស្រួលណាស់ ក្នុងការនិយាយថា ពួកយើងអាចយកឈ្នះការប្រកួតបាន។ ខ្ញុំមានមោទកភាពចំពោះកូនក្រុមរបស់ខ្ញុំ ក្នុងការយកបាន ១ពិន្ទុ ពីការប្រកួតនេះ” ។ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះបន្តទៀតថា “ពួកយើងនឹងផ្លាស់ប្តូរការគិត ហើយពួកយើងនឹងត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់”។

គិតត្រឹមថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា នៅតែឈរលើកំពូលតារាងពូល A ដោយលេងបាន ២ប្រកួត ឈ្នះ១ ស្មើ១ និងមាន ៤ពិន្ទុនៅក្នុងដៃ។ ការប្រកួតបន្ទាប់ ក្រុមកម្ពុជា នឹងធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕