បណ្តាញសង្គម

Messi ចេញ​សារ​សុំទោស​អ្នក​គាំទ្រ PSG បន្ទាប់​ពី​ក្លឹប​ពិន័យ​ព្យួរជើង​ ២សប្ដាហ៍

ខ្សែប្រយុទ្ធអាហ្សង់ទីនកីឡាករ Lionel Messi ចេញសារវីដេអូសុំទោសអ្នកគាំទ្រក្លឹប Paris Saint-Germain កាលពីថ្ងៃសុក្រកន្លងទៅ ក្រោយពេលដែលក្លឹបយក្សបារាំងមួយនេះដាក់ពិន័យព្យួរជើង Messi រយៈពេល ២សប្ដាហ៍។

ការព្យួរជើងនេះគឺកាត់ប្រាក់ឈ្នួល និងហាមមិនឱ្យ Messi ចូលហាត់ និងចូលលេងជាមួយ PSG រយៈពេល ២សប្ដាហ៍។ ចំណាត់ការនេះកើតឡើងក្រោយពេលដែល Messi ហោះទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយមិនទទួលបានការអនុញ្ញាតពីក្លឹប។ ឆ្លើយតបនឹងរឿងនេះដែរ Messi ចេញសារសុំទោសមួយទៅកាន់អ្នកគាំទ្រ PSG។

ក្នុងវីដេអូរយៈពេលប្រមាណ ៤០វិនាទី Messi បាននិយាយក្នុងភាសាអេស្ប៉ាញថា ខ្លួនសុំទោសចំពោះការធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយបន្ថែមថា ខ្លួនមិនគួរធ្វើបែបនេះទេ។

Messi ជាទូតសុច្ឆន្ទៈក្នុងការលើកកម្ពស់ទេសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយការធ្វើដំណើរទៅកាន់ប្រទេសមជ្ឈិមបូព៌ានេះកាលពីសប្ដាហ៍មុន ជាផ្នែកមួយនៃការងារទូតសុច្ឆន្ទៈនេះ៕

ដកស្រង់ពី៖ Sabay