បណ្តាញសង្គម

ព្រំ សំណាង: ​នេះ​អាច​ជា​ការ​ប្រកួត​ស៊ីហ្គេម​ចុង​ក្រោយ​របស់​ខ្ញុំហើយ

អ្នកលេងគុនខ្មែរ ព្រំ សំណាង បានប្រាប់ថាស៊ីហ្គេមនៅកម្ពុជា២០២៣នេះ ជាការប្រកួតលើកចុងក្រោយរបស់ខ្លួនហើយ ព្រោះរូបគេចង់ផ្ដល់ឱកាសឱ្យក្មេងជំនាន់ក្រោយវិញម្ដង។

សំណាង ដែលមានវ័យជ្រេទៅហើយនោះ ទើបតែទទួលបានជោគជ័យខ្លាំងលើវិស័យកីឡាគុនខ្មែរនេះនៅប៉ុន្មានចុងក្រោយប៉ុណ្ណោះ។ ពោលគឺក្រោយពីលោកអាចយកបានខ្សែក្រវាត់នៅ Thai Fight និងវាយឈ្នះការប្រកួតជាបន្ដបន្ទាប់ទាំងសង្វៀនក្នុងស្រុក និងក្រៅស្រុក។

អ្នកមកពីខេត្តកំពង់ស្ពឺខាងលើបានបញ្ជាក់ថាក្ដីស្រមៃរបស់ខ្លួនបានសម្រេចហើយ ពោលគឺយកមេដាយមាសជូនជាតិនៅព្រឹត្តិការណ៍ស៊ីហ្គេម។ ដូច្នេះ ការប្រកួតនៅលើកនេះអាចជាប្រកួតចុងក្រោយរបស់ខ្លួនហើយ។

អ្នកប្រដាល់វ័យ៣៨ឆ្នាំខាងលើនិយាយបែបនេះថា៖ “ប្រហែលជាលើកចុងក្រោយរបស់ខ្ញុំហើយបងនៅស៊ីហ្គេម...ខ្ញុំទុកឱ្យកូនៗលេងម្ដង ព្រោះពួកគេធំៗហើយ។ ខ្ញុំនៅតែវាយប៉ុស្ដិប៉ុណ្ណោះ។ ខ្ញុំនឹងខិតខំបង្ហាត់បង្រៀនកូនប្រុសខ្ញុំទាំងអស់ឱ្យតែក្បាច់គុនប្រដាល់ខ្មែរ ព្រោះខ្ញុំស្រលាញ់គុនខ្មែរ។ សម្រាប់មេដាយខ្ញុំឈ្នះនៅថ្ងៃនេះ គឺសម្រាប់បងប្អូនគ្រប់គ្នា។ ខ្ញុំដឹងថាបងប្អូននៅជាមួយខ្ញុំ បើខ្ញុំចាញ់ បងប្អូនក៏ចាញ់ បើខ្ញុំឈ្នះមេដាយមាសនេះ បងប្អូនក៏ឈ្នះមេដាយមាសនេះដែរ”។

សូមបញ្ជាក់ថាការប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេម២០២៣បានបញ្ចប់ហើយកាលពីម្សិលមិញនេះ ដោយកម្ពុជាប្រមូលមេដាយមាសបានរហូតដល់ទៅ១៤គ្រឿងឯណោះ។  ដោយនេះជាកីឡាដែលកម្ពុជាធ្វើបានល្អជាងគេបំផុតហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ខណៈដែលវ៉ូវីណាម បានត្រឹមមេដាយមាស១០គ្រឿង និងល្បុក្កតោបានត្រឹមមេដាយមាស៨គ្រឿងប៉ុណ្ណោះ៕



ដកស្រង់ពី៖ Sabay