បណ្តាញសង្គម

មោទកភាព! នាយបេសកកម្មគ្រប់ប្រទេសអាស៊ាន សរសើរកម្ពុជាពេញៗមាត់ ថារៀបចំសុីហ្គេមបានល្អ

លោក ញ៉ាន សុខវិសាល ប្រធានគណៈប្រតិភូកីឡាកម្ពុជា បានដឹកនាំកិច្ចប្រជុំ នាយបេសកកម្មគ្រប់ប្រទេសរបស់អាស៊ាន ដែលមកចូលរួមការប្រកួតស៊ីហ្គេម នៅកម្ពុជា។

នាយបេសកកម្មគ្រប់ប្រទេសអាស៊ាន ឌែលបានដឹកនាំអត្តពលិក មកប្រកួតនៅកម្ពុជា បានលើកសរសើរ និង អរគុណម្ចាស់ផ្ទះកម្ពុជា។ កិច្ចប្រជុំនាយបេសកកម្មកីឡា បានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣នេះ ដោយកម្ពុជាបានទទួលការសរសើរពីសំណាក់ ថៃ វៀតណាម និង សិង្ហបុរីជាដើម។

ត្បិតការប្រកួតកីឡាស៊ីហ្គេម នៅគម្ពុជា មិនយកលុយអ្វីទាំងអស់ ប៉ុន្តែការរៀបចំទទួល គឺបានល្អណាស់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សុខវិសាល ប្រធានប្រតិភូកីឡាកម្ពុជា។

លោក វិសាល បន្តថា "កិច្ចប្រជុំនាយបេសកកម្ម ប្រព្រឹត្តិទៅដោយរលូន និង ឆាប់រហ័សដោយសារតែមិនសូវជាមានបញ្ហាច្រើន។ ប៉ុន្តែតាមបទពិសោធន៍ខ្ញុំដែលធ្លាប់បានដឹកនាំអត្តពលិកកម្ពុជា ទៅចូលរួមប្រកួតស៊ីហ្គេម ៨លើកមកហើយ ការប្រជុំនាយបេសកកម្មគឺតែងប្រជុំយូរម៉ោងខ្លាំង ដោយសារមានបញ្ហាច្រើនជាដើម"។

លោក សុខវិសាល បានឱ្យដឹងថា ក្នុងនាមលោកជានាយបេសកកម្ម មានសេចក្តីរំភើបខ្លាំងដែលទទួលបានការលើកសរសើរខ្ពស់ និង វាយតម្លៃខ្ពស់ ពីប្រទេសដែលចូលរួមដែលបានលើកសរសើរតាំងពីវិស័យដឹកជញ្ជូន ហូបចុក និង កន្លែងស្នាក់នៅ គឺមានភាពស្តង់ដារ។

ការសរសើររបស់ប្រទេសដែលបានចូលរួម ក្នុងនាមកម្ពុជា ដែលបានរៀបចំការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង គឺធ្វើឱ្យលោកសប្បាយចិត្តខ្លាំង។ លោក វិសាលថ្លែងបន្ថែម៕

ដកស្រង់ពី៖ Sabay