បណ្តាញសង្គម

រាសី​ឡើង! ឥណ្ឌូណេស៊ី ​បាន​មេដាយ​មាស​ស៊ីហ្គេម​ ឥឡូវ​​​បាន​មិត្ភភាព​ជាមួយ​អាហ្សង់ទីន​ទៀត​

ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ីក្រោមអាយុ២២ឆ្នាំ ទើបបានទទួលបានមេដាយមាសស៊ីហ្គេមជាថ្មីម្ដងទៀត ក្រោយពីខកខានអស់រយៈពេល៣២ឆ្នាំមកហើយនៅប្រទេសកម្ពុជាថ្មីៗនេះ។

ខណៈដែលក្រុម U22 របស់ឥណ្ឌូណេស៊ីនេះយកឈ្នះទៅលើក្រុមខ្លាំងថៃ ក្នុងលទ្ធផលដល់ទៅ ៥-២ ឯណោះនៅវគ្គផ្ដាច់ព្រ័ត្រក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ បានធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ី សប្បាយចិត្តមែនទែន ព្រោះពួកគេខកខានឈ្នះមេដាយមាសនេះអស់រយៈពេល៣២ឆ្នាំទៅហើយ។

នេះជាជោគជ័យមែនទែនសម្រាប់ប្រទេសនេះ ព្រោះកីឡាបាល់ទាត់នេះជាប្រភេទកីឡាដែលគេផ្ដោតខ្លាំង ពោលគឺឈ្នះមេដាយមាសបាល់ទាត់ ប្រៀបបាននឹងឈ្នះព្រឹត្ដិការណ៍ស៊ីហ្គេមទាំងមូលតែម្ដង។

អ្វីដែលកាន់តែសប្បាយចិត្តថែមទៀតនោះ ក្រោយពីឈ្នះមេដាយមាសនៅស៊ីហ្គេមហើយ ក្រុមបាល់ទាត់ឥណ្ឌូណេស៊ីក៏ទើបទទួលបានដំណឹងល្អថែមទៀតគឺពួកគេនឹងមានមិត្តភាពជាមួយក្រុមជើងឯក World Cup 2022 អាហ្សង់ទីននៅខែមិថុនាខាងមុខនេះ។

វាជាការប្រកួតដកស្រង់បទពិសោធមួយរវាងប្រទេសទាំងពីរ ព្រោះក្រុមអាហ្សង់ទីននឹងមានដំណើរទស្សនកិច្ចមួយនៅអាស៊ី ដោយពួកគេលេងមិត្តភាព២ប្រកួត ប៉ះក្រុមអូស្ត្រាលីមួយ និងប៉ះក្រុមឥណ្ឌូណេស៊ីមួយ៕

ដកស្រង់ពី៖ Sabay