បណ្តាញសង្គម

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ ថ្លែង​អំណរគុណ​​ក្រុមហ៊ុន​ឯកជន​ដែល​​ជួយ​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ និង​ថវិកា​លើក​ទឹកចិត្ត

ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនពិសេសទឹកបរិសុទ្ធ PRO VIDA ដែលតែងជួយកន្លងមក និងឥលូវនេះផ្ដល់ថវិកា ៧០លានរៀលលើកទឹកចិត្តអ្នកឈ្នះមេដាយស៊ីហ្គេម ២០២៣ តែម្ដង។

ឯកឧត្ដម តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា លទ្ធផលគាប់ប្រសើរ និងភាពជោគជ័យនៅស៊ីហ្គេម លើកទី៣២ ដែលទើបបញ្ចប់ទៅនេះគឺសុទ្ធតែមានការខំប្រឹងប្រែងគ្រប់ភាគី ពិសេសការរៀបចំផែនការហ្វឹកហាត់របស់សហព័ន្ធតែម្ដង។

ជាមួយគ្នានេះដែរគឺមានការរួមចំណែកពីបណ្ដាក្រុមហ៊ុនឯកជនផងដែរ ដូចជាក្រុមហ៊ុនទឹកបរិសុទ្ធ PRO VIDA ដែលតែងតែជួយឧបត្ថម្ភតាំងពីឆ្នាំ ២០២០ រហូតដល់បញ្ចប់ស៊ីហ្គេម ឆ្នាំ២០២៣ នេះ។

ឥលូវនេះម្ចាស់មេដាយស៊ីហ្គេម លើកទី៣២ ផ្នែកកីឡាគុនខ្មែរ ឃីកបុកស៊ីង ក្រុមហ៊ុនបានឧបត្ថម្ភទឹកប្រាក់សរុប ៧០លានរៀលដល់ការខំប្រឹងប្រែងប្រកួតយកមេដាយជូនជាតិមាតុភូមិ។តាមរយៈការជួយឧបត្ថម្ភទាំងនេះគឺបានធ្វើឲ្យមានការអភិវឌ្ឍន៍លឿនលើសមត្ថភាពកីឡាករ កីឡាការិនី និងការតៀមខ្លួនចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ។

ឯកឧត្ដមថ្លែងអំណរគុណជាខ្លាំងចំពោះការជួយពីបណ្ដាក្រុមហ៊ុនឯកជនចំពោះការឧបត្ថម្ភផ្សេងៗ។ ចំណែក លោក អ៊ឹង ស៊ីវឈន់ អគ្គនាយកក្រុមហ៊ុន PRO VIDA សន្យាថានឹងជួយដល់សហព័ន្ធបន្តទៀតដើម្បីរួមចំណែកពង្រឹងសមត្ថភាព ពង្រីកធនធានកីឡាករ កីឡាការិនី បន្ថែមទៀតដើម្បីផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិឲ្យទូលំទូលាយ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជានេះសហព័ន្ធប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង បានឈ្នះមេដាយសរុប ៣២គ្រឿង មាស២០ ប្រាក់៤ សំរឹទ្ធ៨ ។ PRO VIDA ឧបត្ថម្ភមេដាយមាស ២លានរៀល ប្រាក់ ១លានរៀល សំរឹទ្ធ ៥សែនរៀល និងថវិកាមួយចំនួនដល់គ្រូបង្វឹកផងដែរ៕

ដកស្រង់ពី៖ Sabay