បណ្តាញសង្គម

Mbappe សម្រេច​មិន​បន្ត​កុងត្រា​ជាមួយ PSG

ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍បានប្រាប់ក្លឹប PSG ថាមិនតកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥ ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង L’Équipé។

នេះមានន័យថា កុងត្រារបស់ Mbappe ជាមួយ PSG នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤។ ក្នុងករណីនេះ PSG ត្រូវតែផ្ទេរចេញ Mbappe ក្នុងទីផ្សាររដូវក្ដៅលើកនេះ ឬបណ្ដោយឲ្យកីឡាករសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំចាកចេញ ដោយមិនទទួលបានប្រាក់ផ្ទេរអ្វីទាំងអស់នារដូវកាលក្រោយ។

ការសម្រេចចិត្តរបស់ Mbappe បានធ្វើឡើង បើទោះជាមានការបញ្ចុះបញ្ចូល និងការចរចារាប់ខែកន្លងមកហើយពីសំណាក់ក្លឹប PSG។ Real Madrid គឺជាក្លឹបឈានមុខក្នុងការប្រជែងដណ្ដើមយក Mbappe បន្ទាប់ពីសំដែងការពេញចិត្តទៅលើកីឡាកររូបនេះតាំងពីយូរណាស់មកហើយ។

តាមពិតទៅ កាលពីរដូវកាលមុន ក្លឹបយក្សអេស្ប៉ាញហ៊ានទាំងចំណាយលុយជិត ២០០ លានអឺរ៉ូក្នុងការផ្ទេរ Mbappe តែ PSG មិនព្រម បើទោះជាភាគីកីឡាករព្រមចង់ទៅលេងឲ្យ Real Madrid។

នាពេលនោះ ក្រោយការសម្របសម្រួលមួយចំនួន Mbappe បានសម្រេចបន្តចុះកុងត្រាថ្មីជាមួយ PSG ដែលមានសុពលភាពដល់ឆ្នាំ ២០២៤ ហើយអាចតដល់ឆ្នាំ ២០២៥ បើភាគីក្លឹប និងកីឡាករព្រមព្រៀងគ្នា។

Mbappe បានមកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧ ហើយលេងឲ្យក្លឹបសរុបចំនួន ២៦០ ដង និងស៊ុតចូល ២១២ គ្រាប់។ ក្នុងរដូវកាលនេះកីឡាករបន្តមានទម្រង់លេងយ៉ាងល្អ ដោយស៊ុតចូលដល់ទៅ ៤១ គ្រាប់ ក្នុងការលេង ៤៣ ប្រកួត ព្រមទាំងរួមចំណែកជួយ PSG ឈ្នះពានលីគកំពូលបារាំង៕