បណ្តាញសង្គម

Zidane សារភាព​ថា​ពិត​ជា​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង

លោក Zinedine Zidane បានសារភាពថាពិតជាចង់ធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងនាពេលអនាគត។ នេះបើតាមចម្លើយរបស់លោកពេលសម្ភាសន៍ទស្សនាវដ្ដី GQ។

លោក Zidane និយាយថា លោកធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង ពេលនៅជាកីឡាករ ហើយនៅពេលនេះ ពេលលោកឡើងទៅជាគ្រូបង្វឹក ដូច្នេះលោកយល់ឃើញថា ជារឿងសមហេតុសមផល បើថ្ងៃណាមួយ លោកនឹងក្លាយគ្រូបង្វឹកក្រុមជម្រើសជាតិមួយនេះ។

ទោះជាយ៉ាងណា លោកបញ្ជាក់ថា ពេលវេលាលោកនឹងទទួលតំណែងនេះ មិនមែនជាពេលនេះឡើយ។ Zidane បានសម្រាកពីការងារគ្រូបង្វឹកជាង ២ ឆ្នាំមកហើយ ក្រោយដឹកនាំ Real Madrid ពីរលើក លើកទីមួយ ពីឆ្នាំ ២០១៦ ដល់ ២០១៨ ហើយលើកទីពីរ ពីឆ្នាំ ២០១៩ ដល់ ២០២១។

កាលពីបារាំងចាញ់អាហ្សង់ទីនក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup ឆ្នាំមុន មានសេចក្ដីរាយការណ៍មួយចំនួនបានលើកឡើងថា សហព័ន្ធបាល់ទាត់បារាំងនឹងចែកផ្លូវគ្នាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិបច្ចុប្បន្ន Didier Deschamps ហើយសម្រេចតែងតាំង Zidane ជាគ្រូបង្វឹកថ្មី។

ផ្ទុយទៅវិញ បារាំងបានសម្រេចបន្តកុងត្រាជាមួយ Deschamps រហូតដល់ឆ្នាំ ២០២៦៕