បណ្តាញសង្គម

កីឡាករ​ កីឡា​ការិនី​ ម្ចាស់​មេដាយ​ទូក​ប្រពៃណី​ខ្នាតអន្តរជាតិ​ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​សម្ដេច​ ក្រឡាហោម​ ៧៨,៦០០,០០០​រៀល​

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានប្រគល់ថវិកាលើកទឹកចិត្ត ៧៨,៦០០,០០០រៀល របស់សម្ដេច ក្រឡា ហោម ដល់ម្ចាស់មេដាយផ្នែកទូកប្រពៃណីខ្នាតអន្តរជាតិដែលបានឈ្នះនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កន្លងទៅនេះ។

កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះឯកឧត្ដម ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធទូកកានូ សម្ដែងនូវសេចក្ដីសោមនស្សរីករាយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ“ទូកនាគ” ក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានយ៉ាងល្អប្រសើរ រហូតទទួលបានជោគជ័យគួរជាទីមោទកៈ។

ជាពិសេសនោះគឺ កីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពទេពកោសល្យ ក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមេដាយសរុបចំនួន ០៨គ្រឿង ក្នុងនោះ មេដាយមាសចំនួន ២គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៤គ្រឿង ដែលនេះជាតួលេខដ៏ល្អប្រសើរលើសពីផែនការរបស់សហព័ន្ធ ដែលបានដាក់ជូនគណៈកម្មាធិការជាតិ CAMSOC នាមុនពេលប្រកួត។

ពិធីប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់មេដាយស៊ីហ្គេម ផ្នែកទូកប្រពៃណីខ្នាតអន្តរជាតិ នេះធ្វើឡើងនៅក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ មេដាយមាស ទទួលបាន ១លានរៀល មេដាយប្រាក់ទទួលបាន ៦០ម៉ឺន និងសំរឹទ្ធ ៤០ម៉ឺនរៀល។

ដោយឡែកគណៈកម្មការរៀបចំការប្រកួតមាន៨១ នាក់ទទួលបានក្នុង ១នាក់ ៤០ម៉ឺនរៀល និងគ្រូបង្វឹក៥នាក់ទទួលបានក្នុង១នាក់ ៤០ម៉ឺនរៀលផងដែរ។ ថវិកាឧបត្ថម្ភសរុបមានចំនួន ៧៨,៦០០,០០០រៀល៕