បណ្តាញសង្គម

Bayern ដាក់​សំណើ​សុំ​ទិញ Kane

ក្នុងថ្ងៃនេះ ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានសម្រេចដាក់សំណើសុំផ្ទេរយកខ្សែប្រយុទ្ធ Harry Kane ពីក្លឹប Tottenham Hotspur។ នេះបើតាមសេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មានល្បីឈ្មោះ David Ornstein។

បើតាមប្រភពដដែល Bayern សុំផ្ទេរ Kane ក្នុងតម្លៃ ៧៧ លានដុល្លារសហរដ្ឋអាមេរិក។ គិតមកទល់នេះ មិនទាន់មានសេចក្ដីឆ្លើយតបផ្លូវការណាមួយឡើយពីសំណាក់ក្លឹប Spurs។ កុងត្រារបស់ Harry Kane ជាមួយ Spurs នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។

នេះមានន័យថា បើមិនមានការចុះកុងត្រាថ្មីណាមួយនោះទេ ហើយប្រសិនបើ Spurs មិនផ្ទេរចេញ Kane ក្នុងទីផ្សារដោះដូរនេះ ក្លឹបអង់គ្លេសនឹងបាត់បង់ខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំនៅរដូវកាលក្រោយ ដោយមិនទទួលបានតម្លៃផ្ទេរសូម្បីមួយសេន។ Kane គឺជាកីឡាករឆ្នើមរបស់ Spurs។

កីឡាករអង់គ្លេសរូបនេះចូលលេងឈុតធំឲ្យក្លឹបតាំងពីឆ្នាំ ២០១០ មក ហើយជាង ៦ រដូវកាលចុងក្រោយ ខ្សែប្រយុទ្ធបានបង្ហាញទម្រង់លេងយ៉ាងល្អ។ កីឡាករលេងឲ្យ Spurs សរុប ៤៣៥ លើក និងស៊ុតចូល ២៨០ គ្រាប់៕