បណ្តាញសង្គម

អ្នក​គាំទ្រ Man Utd ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​ក្លឹប​រក​ម្ចាស់​ថ្មី​ឱ្យ​បាន​ឆាប់

អ្នកគាំទ្រក្លឹប Manchester United នៅក្នុងថ្ងៃអង្គារនេះបានធ្វើបាតុកម្មនៅមុខកីឡដ្ឋាន Old Trafford ដោយទាមទារឱ្យម្ចាស់ក្លឹបបិសាចក្រហមគ្រួសារត្រកូល Glazer ពន្លឿននីតិវិធីក្នុងការលក់ក្លឹប ដើម្បីរកម្ចាស់ថ្មីឱ្យបានឆាប់។ក្លឹបបិសាចក្រហមបានដាក់ក្លឹបលក់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈគិតត្រឹមខែមេសានេះ មានបេក្ខភាពធំៗ២ ដែលចង់បានក្លឹបនេះ។

បេក្ខភាពនោះរួមមាន លោក Sheikh Hamad bin Jassim កូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា និងលោក Jim Ratcliffe មហាសេដ្ឋីក្រុមហ៊ុនគីមីឥន្ធនៈជនជាតិអង់គ្លេស។ យ៉ាងណាមិញ មកទល់ពេលនេះខាងក្លឹបនៅមិនទាន់ប្រកាសថាត្រូវលក់ឱ្យភាគីណានោះទេ ស្របពេលមានបែកធ្លាយដំណឹងថា ត្រកូល Glazers បានពិនិត្យមើលសំណើរបស់ក្រុមហ៊ុនអាមេរិកាំងមួយចំនួន។

ឆ្លើយតបនឹងករណីនេះដែរ អ្នកគាំទ្របិសាចក្រហមមួយចំនួនបានប្រមូលផ្ដុំគ្នានៅក្លឹប ហើយស្រែកទាមទារឱ្យត្រកូល Glazer ចាកចេញ ហើយរកម្ចាស់ថ្មីឱ្យបានឆាប់ៗ។

សូមជម្រាបផងដែរថា ត្រកូល Glazer នេះហាក់មិនសូវមានប្រជាប្រិយភាពប៉ុន្មានទេជាមួយអ្នកគាំទ្រ Manchester United។ អ្នកគាំទ្រមួយចំនួនបានរិះគន់ថា ម្ចាស់ក្លឹបនេះដឹកនាំក្លឹបឱ្យជាប់បំណុលកាន់តែច្រើន តាំងពីទិញក្លឹបនៅឆ្នាំ២០០៥៕