បណ្តាញសង្គម

កាន់តំណែងជាគ្រូបង្វឹក Chelsea លោក Pochettino ថា តោខៀវជាក្រុមអស្ចារ្យបំផុតនៅអង់គ្លេស

លោក Mauricio Pochettino បាននិយាយថា Chelsea គឺជាក្រុមដែលអស្ចារ្យបំផុតនៅប្រទេសអង់គ្លេស ក្នុងកំឡុងពេល ១០ ទៅ ១៥ឆ្នាំចុងក្រោយនេះ។គ្រូបង្វឹកទើបតែងតាំងថ្មីរបស់ Chelsea លោក Mauricio Pochettino បាននិយាយសរសើរតោខៀវពេញៗមាត់របស់លោកថា ជាក្រុមដែលអស្ចារ្យបំផុតនៅប្រទេសអង់គ្លេស។

ចាប់តាំងពីឆ្នាំ ២០០៤មក Chelsea បានឈ្នះពានសរុប ២១ពាន រាប់បញ្ចូលទាំងពាន Premier League ៥ដង និងពាន Champions League ២ដង។ ប៉ុន្តែរដូវកាលចុងក្រោយក្លឹបតោខៀវធ្វើមិនសូវបានល្អ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ១២នៅក្នុងតារាង និងបានបណ្តេញ គ្រូបង្វឹក ២រូប។

លោក Pochettino បាននិយាយក្រោយទទួលតំណែងជាគ្រូបង្វឹក Chelsea ថា “ខ្ញុំមកទីនេះ ដើម្បីព្យាយាមជួយក្លឹប និង ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត”។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបន្តថា “នៅចុងបញ្ចប់ អ្វីដែលសំខាន់បំផុតនៅក្នុងបាល់ទាត់គឺធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត និងមានមោទកភាពចំពោះពួកយើង និងទម្រង់លេងរបស់យើង ហើយកីឡាករត្រូវតែដឹងរឿងនេះ”៕