បណ្តាញសង្គម

ដឹង​ទេ កុងត្រា​ដំបូង​របស់ Messi នៅ Barca សរសេរ​លើ​ក្រដាស​ជូត​មាត់

កុងត្រាដំបូងបំផុតរបស់ខ្សែប្រយុទ្ធ Lionel Messi នៅ Barcelona ត្រូវបានសរសេរលើក្រដាសជូតមាត់។

កាលពីខែកញ្ញា ឆ្នាំ២០០០ Messi ដែលកាលនោះមានវ័យទើបតែ ១៣ ឆ្នាំ បានចូលលេងសាកល្បងឲ្យ Barcelona។

ការលេងសាកល្បងនេះ គឺដើម្បីឲ្យ Barca ពិនិត្យថា គួរផ្ទេរចូល Messi ឬអត់។ លុះបីខែក្រោយមក ក្លឹបក៏បានសម្រេចចុះកុងត្រាជាមួយ Messi នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០០០។ ចំណុចគួរឲ្យចាប់អារម្មណ៍នាពេលនោះ គឺថាកុងត្រាដំបូងដែលត្រូវបានចុះហត្ថលេខានោះ គឺធ្វើឡើងលើក្រដាសជូតមាត់មួយសន្លឹក។

មូលហេតុដែលនាំឲ្យមានរឿងដូច្នេះ គឺដោយសារថ្នាក់ដឹកនាំខ្លះនៅ Barca មិនចង់បាន Messi ខណៈថ្នាក់ដឹកនាំមួយចំនួនទៀតចង់បានកីឡាកររូបនេះ។ ហេតុដូច្នេះ ក្រោយពិភាក្សាគ្នារួចមក លោក Carles Rexach ដែលកាលនោះជាប្រធានទទួលបន្ទុកកិច្ចការកីឡារបស់ Barcelona សម្រេចឯកភាពជាមួយតំណាងរបស់ Messi ក្នុងការផ្ទេរចូលកីឡាកររូបនេះ។

ដើម្បីជាសក្ខីភាព លោក Rexach ក៏ចុះហត្ថលេខាលើកុងត្រាដែលសរសេរលើក្រដាសជូតមាត់។ មួយរយៈពេលខ្លីក្រោយមក ក្លឹប Barcelona ក៏សម្រេចឯកភាពជាមួយកុងត្រាក្រដាសជូតមាត់នេះ ហើយធ្វើកុងត្រាផ្លូវការមួយដើម្បីទទួលផ្ទេរចូល Messi។

Messi បានចូលលេងជាមួយ Barca ចាប់ពីពេលនោះមក ហើយបានចូលលេងឈុតធំនៅឆ្នាំ ២០០៤។ កីឡាករបានវិវត្តន៍ខ្លួនជាវីរបុរសរបស់ក្លឹប ហើយលេងឲ្យក្លឹបរហូតដល់ឆ្នាំ ២០២១។

ក្នុងអំឡុងពេលនោះ Messi បានលេងឲ្យក្លឹបសរុប ៧៧៨ ប្រកួត និងស៊ុតចូល ៦៧២ គ្រាប់ ហើយជួយក្លឹបឲ្យឈ្នះពានធំៗដល់ទៅ ៣៥ ពាន ក្នុងនោះឈ្នះពានលីគកំពូលអេស្ប៉ាញ ១០ ដង និងពាន Champions League ៤ ដង។

ក្រោយចេញពី Barca កីឡាករបានទៅលេងឲ្យ PSG រហូតដល់ឆ្នាំ ២០២៣ ហើយបានមកលេងនៅ Inter Miami សហរដ្ឋអាមេរិករហូតដល់ពេលបច្ចុប្បន្ន៕