បណ្តាញសង្គម

ម៉ារ៉ាតុង​ Women Run 10k ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ និង​កើន​ឡើង​ ៣០​%​ ពី​ឆ្នាំ​មុន​

ព្រឹត្តិការណ៍រត់ប្រណាំង Women Run 10k អបអរទិវាសិទ្ធនារី ៨ មីនា ដែលធ្វើឡើងកាលពីព្រឹកមិញនេះទទួលបានការគាំទ្រច្រើន និងមានអ្នកចូលរួមកើនឡើងប្រហែល ៣០% បើធៀបទៅ និងការរៀបចំនៅឆ្នាំមុននេះ។

លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា ការចូលរួមពីមហាជន កីឡាករ កីឡាការិនីឆ្នាំនេះមានសន្ទុះការគាំទ្រខ្លាំង និងប្រកបដោយភាពរីករាយ។ បើប្រៀបធៀប និងការរៀបចំឆ្នាំមុននោះគឺមានការកើនឡើងប្រហែល ៣០%។ មែនទែនទៅបន្ទាប់ពីបិទការចុះឈ្មោះហើយនោះគឺនៅតែមានអ្នកចង់ចុះឈ្មោះបន្ថែមទៀត ប៉ុន្តែដោយសារការរៀបចំសម្ភារ និងការផ្គត់ផ្គង់ផ្សេងៗមានកំណត់ហេតុនេះមិនអាចទទួលបានទៀត។

ការកើនឡើងនេះដែរអ្នកជំនាញខាងម៉ារ៉ាតុងខាងលើបញ្ជាក់ថា ដោយសារជាព្រឹត្តិការណ៍សប្បាយមហាជនចង់ចូលរួម មួយទៀតនារីៗយល់ថានេះជាកម្មវិធីរបស់ពួកគាត់ដូច្នេះធ្វើឲ្យមានឆន្ទៈខ្លាំងក្នុងការចូលរួម។ មិនត្រឹមតែប៉ុណ្ណេះ កត្តារៀបចំបានល្អឡើងៗពីគណៈកម្មការរៀបចំ និងការសហការពីអាជ្ញាធរដែនដីសម្រួលរឹតតែបានល្អទៀតនាំឲ្យមហាជនរីករាយខ្លាំងក្នុងការចូលរួមរត់ព្រឹកមិញនេះ។

បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ចម្ងាយ Women Run 10k ដែលធ្វើឡើងអបអរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា កាលពីព្រឹកមិញនេះបានបញ្ចប់ទៅដោយរលូន។ អ្នកចូលរួមរត់មានចំនួន ២៦០០នាក់ដោយភាគច្រើនគឺជានារី។ ព្រឹត្តិការណ៍នេះដែរគឺមានការអញ្ជើញចូលរួមជាគណៈអធិបតីឯកឧត្ដម ថោង ខុន ប្រធាន NOCC ឯកឧត្ដម វ៉ាត់ ចំរើន និងលោកជំទាវ កុយ ពិសី លោកជំនាវ ញ៉ែម មរកត និងថ្នាក់ដឹកនាំជាច្រើនរូបទៀត៕

ដកស្រង់ពី៖ Sabay