បណ្តាញសង្គម

កែវ ស្រេងលីហួរ ប្រាប់​មូល​ហេតុ​គេ​ប៉ះសេ​មិន​បាន​ល្អ​ក្នុងជំនួប​មិត្តភាព U20

ក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការប្រកួតមិត្តភាពជាមួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយក្រុម U20 កម្ពុជាចាញ់ក្នុងលទ្ធផល៣-១ (U20 កម្ពុជាឈ្នះសិតទី៣)។

ក្នុងជំនួបនេះ កែវ ស្រេងលីហួរ ត្រូវបានលោក លីជុន ផ្ដល់ទំនុកចិត្តដាក់ឱ្យលេងជម្រើស៦នាក់ដំបូង។ នៅដើមតង់សិតទី១ក្រុម U20 កម្ពុជាធ្វើបានល្អ ប៉ុន្តែបន្តិចក្រោយមកហាក់បីលេងមិនសូវត្រូវគ្នា ជាពិសេសការចែកបាល់របស់ កែវ ស្រេងលីហួរ មិនសូវបានល្អឡើយ ហើយរូបគេត្រូវបានគ្រូបង្វឹកជនជាតិចិនប្ដូរចេញភ្លាមៗ ជំនួសមកវិញដោយកីឡាករស្នងការរាជធានីភ្នំពេញ យុន ខេមរះ ។

អ្វីជាកត្តាធ្វើឱ្យអតីតយុវជនក្លឹបបាល់ទះវិសាខាធ្វើមិនបានល្អនាថ្ងៃនោះ? ក្នុងកិច្ចសម្ភាសន៍ខ្លីមួយ យុវជនអាយុ១៩ឆ្នាំ បានឆ្លើយប្រាប់ Sabay ថា មកពីកត្តាបីយ៉ាងរួមមានកត្តាទី១ កីឡាករថ្មីមិនមានបទពិសោធន៍ច្រើន កត្តាទី២ ហ្វឹកហាត់ជាមួយគ្នាបានតិចតួច និងកត្តាទី៣ ចាប់សេវាមិនសូវបាន។

"បាទបង! ចំពោះខ្ញុំប៉ះដូចអត់សូវកើត ទើបលោកគ្រូគាត់ដូរចេញ ប៉ុន្តែខ្ញុំសារក្រោយបើមានឱកាសខ្ញុំនឹងខំប្រឹងប្រែង កត្តាទី១ ខាងខ្ញុំលេងបានច្រើនតែពីរបីនាក់ទេ ចឹងអ្នកអត់បានលេងរៀងភ័យៗហើយកត្តាទី២ ចាប់សឺវីស ចាប់សឺវីសអត់សូវបាន តែពេលសិតទី១ដំបូងពួកយើងធ្វើបានល្អ តែដល់ពេលពាក់កណ្ដាលសិត ពួកយើងចាប់សឺវីសអត់សូវបាន យើងឡាកទៅហ្មង ហើយណាមួយទើបតែហាត់អត់ទាន់បានមួយខែ ចឹងលេងអត់ទាន់សង់តង់»។ នេះបើតាមការបញ្ជាក់បន្ថែមពី កែវ ស្រេងលីហួរ។

អតីតយុវជនរបស់ក្លឹបបាល់ទះវិសាខារូបនេះ បានធ្វើតេស្តជាប់ជម្រើសជាតិទាំង U20 និងឈុតធំ ហើយការប្រកួតមិត្តភាពកាលពីពេលថ្មីៗនេះ គឺដើម្បីត្រៀមប្រកួតជម្រុះដណ្ដើមពានរង្វាន់បាល់ទះជើងឯកអាស៊ីអាយុក្រោម២០ឆ្នាំនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា បើមិនមានការប្រែប្រួលទេក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងធ្វើដំណើរទៅកាន់ទឹកដីកណ្ដាលប្រទេសថៃ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីប្រកួតជាមួយ U20 វៀតណាម។ ក្រុមណាឈ្នះនឹងឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៤៕

ដកស្រង់ពី៖ Sabay