បណ្តាញសង្គម

របួស​របស់ Kane ធ្វើ​ឲ្យ Spurs ឈឺ​ក្បាល ស្របពេល Son ត្រូវ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ

ខ្សែប្រយុទ្ធ Harry Kane បានចាកចេញពីទីលានទាំងរបួស ក្រោយ Spurs ចាញ់ Manchester United ១-០ កាលពីយប់មិញ។ បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត Kane ត្រូវបានគេឃើញអង្គុយក្ដោបក្បាលជង្គង់ ជាមួយទឹកមុខឈឺចាប់ និងពិបាកដើរទៅកាន់បន្ទប់ផ្លាស់ខោអាវ។

កីឡាករជម្រើសជាតិអង់គ្លេសត្រូវពិនិត្យមើលរបួសភ្លាម ក្រោយចប់ការប្រកួតប៉ុន្តែមិនទាន់មានការសន្និដ្ឋានអំពីស្ថានភាពរបួសនៅឡើយ។ ការរបួសរបស់កីឡាករវ័យ២៥ឆ្នាំបានចោទជាបញ្ហាធំដល់លោក Mauricio Pochettino ដោយលោកត្រូវបាត់បង់ Heung-Min Son ដែលជាប់ត្រូវបំពេញភារកិច្ចជាមួយជម្រើសជាតិកូរ៉េខាងត្បូងពាន ២០១៩ Asian Cup។

និយាយប្រាប់ Sky Sport អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនថា៖ "វាគឺជារឿងព្រួយបារម្ភ ព្រោះពួកយើងបាត់បង់ Son ទៅ Asian Cup ទៅហើយ។ ច្បាស់ណាស់ ប្រសិន Harry Kane របួសមិនអាចលេងបានមែន វានឹងក្លាយជាបញ្ហាធំសម្រាប់ពួកយើង។ នេះគឺជាការព្រួយបារម្ភរបស់ខ្ញុំ"៕

ដកស្រង់ពី៖ Sabay