បណ្ឌិត​ កៅ គឹមហួន ដឹកនាំគណៈប្រតិភូអាស៊ាន ចូលរួមកិច្ចប្រជុំទេសចរណ៍អាស៊ានលើកទី២៧ និងមានជំនួបមួយចំនួនទៀតនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

(ឡាវ)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូអាស៊ានចូលរួមក្នុងកិច្ចប្រជុំទេសចរណ៍អាស៊ានលើកទី២៧ និងបានចែករំលែកទស្សនៈអំពីវិធីនានា ដើម្បីពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ពង្រឹងគុណភាពវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងចលតភាពរវាងប្រជាជន និងប្រជាជន ដើម្បីជំរុញសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសដើម្បីគាំទ្រមូលបទរបស់ប្រទេសឡាវដែលជាប្រធានអាស៊ានគឺ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ជាមួយគ្នានោះនៅរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់រៀបចំដោយសារព័ត៌មាន CNN រួមជាមួយបណ្តារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងលោកស្រី Kristie Lu Stout អ្នកយកការណ៍ និងឆ្លើយឆ្លងព័ត៌មានរបស់ CNN។ នៅក្នុងពិធីននេះអ្នកចូលរួមបានផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិត ដើម្បីលើកស្ទួយតំបន់នេះ ឱ្យទៅជាគោលដៅទេសចរណ៍តែមួយ ដោយបង្ហាញពីទេសចរណ៍អាស៊ាន ដែលឱ្យឈ្មោះថា «គោលដៅមួយសម្រាប់គ្រប់សុបិន»។

នៅរសៀលដដែលនេះលោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងឥណ្ឌាលើកទី១១ ដែលធ្វើជាសហប្រធានដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នៅក្រោមផែនការការងារទេសចរណ៍អាស៊ាន-ឥណ្ឌា ។

ដោយឡែកនៅល្ងាចថ្ងៃនេះដែរ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាប្រទេសថៃ។ នៅក្នុងឱកាសនោះភាគីទាំងពីរបានស្វាគមន៍លទ្ធផលដ៏ជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៧ ដែលទើបបញ្ចប់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងភាពប្រកួតប្រជែង និងការពង្រឹងធនធានមនុស្ស ដើម្បីធានាបាននូវនិរន្តរភាព និងភាពធន់នៃទេសចរណ៍អាស៊ាន ក្នុងចំណោមកិច្ចការផ្សេងៗទៀត។

នៅល្ងាចដដែលនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុង រាត្រីម៉ាឡេស៊ី/ Malaysian Night រៀបចំដោយលោក Dato Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី។ នៅក្នុងរាត្រីនោះក៏មានការតាំងបង្ហាញពីវប្បធម៌ និងម្ហូបអាហារដ៏ពិសេសរបស់ម៉ាឡេស៊ីផងដែរ៕

ដកស្រង់ពី៖ FRESH NEWS