STC ដាក់ឱ្យដំណើរការថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាទេសចរណ៍ខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ សមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានដាក់ឱ្យដំណើរការសាកល្បងកម្មវិធីថ្នាលឌីជីថលថ្មីសម្រាប់ផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប។

ប្រធាន STC លោក ហ្វីលីព សែត កៅ បានលើកឡើងថា Siem Reap Wonder និង STC Vendors គឺជាចលករមួយក្នុងការលើកកម្ពស់និរន្តរភាព និងនវានុវត្តន៍ភាព នៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងផ្តល់ភាពងាយស្រួលក្នុងការពង្រីកការផ្សព្វផ្សាយនូវសក្កានុពល និងព័ត៌មាននានាជូនដល់ទេសចរ មុន ក្នុង និងក្រោយពេលដំណើរទស្សនាចរក្នុងខេត្តសៀមរាប។

ជាមួយគ្នានោះ សម្រាប់គេហទំព័រ www.siemreapwonder.com ជាគេហទំព័រ និងកម្មវិធីទូរសព្ទដៃ ទេសចរណ៍មានរចនាបទទំនើប ស៊ីវិល័យសម្រាប់ទេសចរ ដែលជាអ្នកប្រើប្រាស់ចុងក្រោយ ទាំងជាតិ និងអន្ដរជាតិ ក្នុងការទទួលបាននូវព័ត៌មាននានាអំពីខេត្តសៀមរាប សកម្មភាពទេសចរណ៍ ព័ត៌មានទេសចរណ៍ រូបភាព វីដេអូ សេចក្ដីប្រកាសព័ត៌មាន ព្រឹត្តិការណ៍បុណ្យជាតិ និងអន្ដរជាតិនានា មិនថាប្រារព្ធនៅក្នុងក្រុង និងតាមបណ្ដាស្រុកនានារបស់ខេត្ត ដើម្បីជូនជាព័ត៌មានដល់ទេសចរ។ បន្ថែមពីនោះ សេវាកម្មស្នាក់នៅ ភោជនីយដ្ឋាន សេវាកម្មម៉ាស្សានិងស្ប៉ា មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកបើកបរ។ល។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាបលើកឡើងថា គេហទំព័រ និងកម្មវិធីទូរសព្ទ ដែលបង្កើតឡើងដោយ STC នៅពេលនេះ ដើរតួសំខាន់មិនត្រឹមផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ ថែមទាំងលើកកម្ពស់ផលិតផលទេសចរណ៍អេកូសហគមន៍ និងបង្ហាញពីសកម្មភាពទេសចរណ៍ជាច្រើនដល់ទេសចរជាតិ និងអន្ដរជាតិ។

លោកក៏បានកោតសរសើរដល់សមាគម STC ដែលបានសម្រេចការងារនាពេលកន្លងមក ក្នុងការសម្របសម្រួលវិស័យទេសចរណ៍ ជាពិសេសបានធ្វើឱ្យ វិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត។ ពិសេសការលើកទិសដៅការងារឆ្នាំ២០២៤ ដល់ប្រតិបត្តិករទាំងអស់ និងសម្រាប់ខេត្តសៀមរាប គឺជាការដាក់ឱ្យដំណើរការថ្នាលទេសចរណ៍ ឌីជីថល ដើម្បីចូលរួមនិងជម្រុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យទេសចរណ៍ដែលជាយុទ្ធសាស្រ្តស្ដារឡើងវិញ វិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩។

លោក ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការបង្កើតកម្មវិធី STC Vendors នេះគឺស្របជាមួយនឹងគោលបំណង និងចក្ខុវិស័យរបស់ក្រសួងទេសចរណ៍។ លោកបន្ថែមថា សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការចូលរួមរបស់វិស័យឯកជន សហការជាមួយរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ ឱ្យឈានដល់កម្រិតមួយ ដែលស្របទៅតាមនឹងយុគសម័យឌីជីថល បដិវត្តន៍ឧស្សាហកម្ម ៤.០និង ក្រោយពេលវិបត្តិកូវីដ-១៩។

សម្រាប់លោក ហេង សុខចំរើន ការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម យើងអាចទទួលបាននូវអត្ថប្រយោជន៍ដូចជា ទិន្នន័យជាក់លាក់អំពីតម្រូវការរបស់ភ្ញៀវទេសចរ កំណត់បាននូវអ្វីដែលជាផលិតផលអាទិភាព រក្សាបាននូវតម្លាភាព និងធានាបាននូវការប្រកួតប្រជែងមួយ ដែលមានប្រសិទ្ធភាពខ្ពស់៕

ដកស្រង់ពី៖ ខ្មែរថាមស៍