អង្គការមូលនិធិប្រាសាទពិភពលោកបានប្រគល់ការដ្ឋានអភិរក្ស និងជួសជុលចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីជួសជុលរួចរាល់

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានធ្វើពិធីរំលឹកខួបលើកទី៣៥ឆ្នាំ នៃបេសកកម្មរបស់ខ្លួនព្រមទាំងពិធីប្រគល់ និងទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ ក្នុងរមណីយដ្ឋានជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ កាលពីថ្ងៃទី២៦ ខែមករាឆ្នាំ២០២៤។

ពិធីប្រគល់ការដ្ឋានជួសជុលចំនួន៣នោះ មាន ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូទឹកដោះរបស់ប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងមន្ត្រីជាច្រើនរូប ព្រមទាំងដៃគូនៃកិច្ចសហប្រតិបត្តិការក្នុងការជួសជុល និងអភិរក្សប្រាសាទបុរាណជាច្រើនស្ថាប័នទៀត។

លោកជំទាវ ភឿង សកុណា បានថ្លែងនៅក្នុងពិធីនោះថា អាជ្ញាធរជាតិអប្សរានឹងបន្តថែរក្សាប្រាសាទទាំង៣នេះ ហើយកម្ពុជានឹងចងចាំជារៀងរហូតចំពោះការរួមចំណែករបស់មូលនិធិប្រាសាទពិភពលោកក្នុងការជួយការពារបេតិកភណ្ឌជាតិរបស់កម្ពុជា។

លោកជំទាវបានបន្តទៀតថា កម្ពុជាក៏រង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសាទពិភពលោកក្នុងវិស័យជាច្រើនទៀត រួមមានការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។

អ្នកស្រី បេនីឌីកត៍ ដឺម៉ុងលឹរ (Benedicte De Montlaur) ប្រធាន និងជានាយកប្រតិបត្តិរបស់អង្គការមូលនិធិប្រាសាទពិភពលោករបស់សហរដ្ឋអាមេរិក បាននិយាយថា ការចូលរួមរបស់មូលនិធិប្រាសាទពិភពលោក ក្នុងការងារជួសជុលប្រាសាទនៅរមណីដ្ឋានអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ជាមួយនឹងបេសកកម្មតាមទីតាំង ដើម្បីវាយតម្លៃស្ថានភាពនៃប្រាសាទ ដើម្បីឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ។

អ្នកស្រីបានបន្តថា បន្ទាប់មកអង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ៕

ដកស្រង់ពី៖ ខ្មែរថាមស៍